ភ្នំពេញៈ មន្ត្រីមូលដ្ឋាន ក៏ដូចជាការិយាល័យជំនាញ សាធារណៈការ បានបង្ហើបប្រាប់ថា ចំពោះការយឺតយ៉ាវ ស្ថាបនាផ្លូវលេខ២១៧ អតីតផ្លូវមុនីរ៉េត ស្ទឹងមានជ័យ បណ្តាលមកពីអគ្គិសនីកម្ពុជា មិនចាត់បុគ្គលិកជំនាញ ចុះដកបង្គោលភ្លើង និងបណ្តាញភ្លើងក្រោមដី អមសងខាងផ្លូវចេញដើម្បីឲ្យដំណើរការស្ថាបនាផ្លូវ និងដាក់ប្រព័ន្ធលូបានស្រួល នេះគឺជាបញ្ហា
។
ពាក់ព័ន្ធនិងការយឺតយ៉ាវ ខាងលើនេះ ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ២១៧ ចាប់ពីអតីតស្ពានដែក រហូតដល់ស្ពានស្ទឹងមានជ័យ បានលើកឡើងថា បើមានបញ្ហារាំងស្ទះដូចខាងលើនេះ គួរណាស់លោកអគ្គនាយកអគ្គិសនី ចូលរួមសហការ ជាមួយមន្ត្រីមូលដ្ឋាន ក៏ដូចជាការិយាល័យជំនាញ សាធារណៈការ បានឆាប់រហ័ស ដើម្បីអោយក្រុមហ៊ុនដំណើរការស្ថាបនាផ្លូវ និងដាក់ប្រព័ន្ធលូ សម្រាប់បម្រើផលប្រយោជន៍រួម ក្នុងពេលឆាប់ៗខាងមុខនេះ ។
ផ្ទុយទៅវិញ អគ្គិសនីកម្ពុជា មិនអើពើនិងការស្ថាបនាផ្លូវមានការយឺតយ៉ាវ ដែលជាហេតុធ្វើឲ្យលំបាក ដល់អ្នកដំណើររាប់ពាន់ រាប់ម៉ឺន រាប់សែននាក់ ត្អូញត្អែរ ក្នុងការធ្វើដំណើរ ហើយបញ្ហាទាំងអស់នេះ ត្រូវបានប្រជាពលរដ្ឋ ទម្លាក់កំហុសទៅលើអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសាលារាជធានីភ្នំពេញទាំងមូលផងដែរ ។ ប្រជាពលរដ្ឋ រស់នៅអមសងខាងផ្លូវខាងលើសង្ឃឹមថា អគ្គិសនីកម្ពុជា នឹងមិនទុកបណ្តែតបណ្តោយ ឲ្យមានបញ្ហាខាងនេះ កើតមានឡើងបន្តទៀតឡើយ ។

មន្ត្រីអគ្គីសនីកម្ពុជា បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា បញ្ហានេះមន្ត្រីបច្ចេកទេស កំពុងដោះស្រាយហើយ ប៉ុន្តែអ្វីជាការសំខាន់ទៅវិញនោះ គឺចង់អោយអ្នកកាសែតប្រាប់ថា ព័ត៌មានទាំងអស់នេះ អ្នកណាជាអ្នកផ្តល់ ដល់អ្នកកាសែត ទោះបីជាលោកអភិបាលក្រុង ឬមន្ត្រីណាក៏ដោយ សូមអោយកាសែត បង្ហាញឈ្មោះផង ។
គួរបញ្ជាក់ថា កំណាត់ផ្លូវលេខ២១៧(ចំការដូង) បច្ចុប្បន្នគិតចាប់ពីផ្លូវបំបែក មជ្ឈមណ្ឌលជើងឯក មកដល់អតីតស្ពានដែក គឺស្ថាបនាហើយរួចរាល់ ធ្វើឲ្យអ្នកលក់នៅអមសងខាងផ្លូវមួយនេះ សំដែងសេចក្តីត្រេកអរ ចំពោះសាលារាជធានីភ្នំពេញ ដែលយកចិត្តទុកដាក់
អភិវឌ្ឍន៍ផ្លូវនិងប្រព័ន្ធលូ ដ៏ធំមួយខ្សែនេះ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ប៉ុន្តែអ្វីជាការខកបំណង គឺកំណាត់ផ្លូវមួយខ្សែនេះ គិតត្រឹមអតីតស្ពានដែក (ចំការដូង) ដល់ស្ពានស្ទឹងមានជ័យ កំពុងរាំងស្ទះ ដល់ដំណើរការស្ថាបនា ហើយបង្កផលលំបាកយ៉ាងខ្លាំង ដល់អ្នកដំណើរទូទៅ ព្រោះតែអគ្គិសនីកម្ពុជា មិនរហ័សរហួន ក្នុងការដកបង្គោលភ្លើង ឬបណ្តាញភ្លើងក្រោមដីចេញ ដើម្បីឲ្យក្រុមហ៊ុន ឆាប់បានបស្ថាបនាផ្លូវនេះទ្បើយ ៕




































