ខេត្តឧត្តរមានជ័យ៖ បុគ្គលិកបោសសម្អាតមីនពីររូប នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានស្លាប់បាត់បង់ជីវិតក្នុងហេតុការផ្ទុះមីនតោន នៅក្នុងប្រតិបត្តិការបោសសម្អាតមីន នាម៉ោង ៧ និង ៤៥នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជនរងគ្រោះទាំងពីរនាក់ ដែលបានបាត់បង់ក្នុងពេលចុះបំពេញភារកិច្ចដោះមីននោះ គឺ ១-ឈ្មោះ អឿន ចាន់ដារ៉ា និង ២-ឈ្មោះ ពៅ នេពីន អ្នកឯកទេសបោសសម្អាតមីនរបស់អង្គភាព (CMAC) ប្រចាំទិសខេត្តឧត្តរមានជ័យ។ មន្ត្រី (CMAC) ទាំងពីរនាក់ បានពលីជីវិតនៅក្នុងឧបទ្ទវហេតុផ្ទុះមីនតោន ក្នុងពេលកំពុងបំពេញប្រតិបត្តិការបោសសម្អាតមីន រំដោះដីស្រែរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។
ក្រោយជួបឧបទ្ទវហេតុដ៏គួរឱ្យរន្ធត់នេះ អង្គភាព (CMAC) ទាំងមូល បានសម្តែងការសោកស្ដាយជាពន់ពេក និងបានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយក្រុមគ្រួសារសព លោក ពៅ នេពីន និងលោក អឿន ចាន់ដារ៉ា ដែលបានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុផ្ទុះមីនតោន ពេលបំពេញភារកិច្ចរំដោះដីស្រែជូនប្រជាពលរដ្ឋ។
ស្របពេលជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារសពមន្ត្រី (CMAC) ទាំងពីរ និងបានចាត់ទុកការពលីរបស់មន្ត្រីទាំងពីរ គឺជាការបាត់បង់វីវជនដោះមីនដ៏អង់អាចក្លាហាន ដែលតែងតែលះបង់ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនមូលដ្ឋាន។
សារលិខិតរំលែកទុក្ខរបស់ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា «ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្ដាយឥតឧបមា ដោយបានទទួលដំណឹង អំពីពលីកម្មរបស់លោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន» ក្នុងឧបទ្ទវហេតុដ៏គួរឱ្យសោកស្ដាយនេះ៕ដោយ៖ឡុង សំបូរ