នារីម្នាក់ស្នើឱ្យមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ត្រួតពិនិត្យការបើកបរអ្នកដឹកជញ្ជូនតាមម៉ូតូ Delivery

0

យោងតាមអាខោនហ្វេសប៊ុកឈ្មោះ Leakhana Tin Tin បានធ្វើការបង្ហោះសាររៀបរាប់ពីហេតុការណ៍ប៉ះទង្គិចជាមួយនិងអ្នកដឹកជញ្ជូនសេវា Delivery របស់ក្រុមហ៊ុន EG (E-GetS Best Food Delivery) ពាក់ព័ន្ធនឹងការបើកបរល្បឿនលឿនដូចហោះ ដែលស្ទើរតែអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

យោងតាមអាខោនហ្វេសប៊ុកដដែលនេះបានឱ្យដឹងថា មកដល់វេលាម៉ោង១១និង៥៩នាទី ព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥នេះ ខ្ញុំនៅមិនទាន់បាត់ភ័យនៅឡើយទេចំពោះហេតុ​ការណ៍ដែលបង្កឡើងដោយបុគ្គលិកដឹកជញ្ជូនម្នាក់របស់ក្រុមហ៊ុនEG (E-Gets Best food Delivery)ក្នុងការបើកបរនៅលើផ្លូវសាធារណៈយ៉ាងលឿនដូចហោះ វិសនឹងធ្វើឱ្យខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ ៣៥០ សង្កាត់​បឹងកេងកង៣ ខណ្ឌបឹងកេងកង។ បុគ្គលិកក្រុមហ៊ុន EG ម្នាក់នេះបើក​បរម៉ូតូយ៉ាងលឿននៅលើផ្លូវ ដែលមានមនុស្សច្រើននិងម៉ូតូឡានអ៊ូអរនៅលើផ្លូវនោះដែរ បន្ទាប់មកមានម៉ូតូមួយបានជិះបញ្ជ្រាសទិសនៅពីខាងធ្វេងដៃរបស់ខ្ញុំ ដោយការបើកបររបស់គាត់យឺតៗមួយ ប៉ុន្តែបុគ្គលិក​EG​ម្នាក់នោះបានជិះវ៉ាម៉ូតូយឺតៗនោះ ក្នុងល្បឿនលឿន រួចចាក់ចង្កូត​បត់តម្រង់មករកខ្ញុំ។ ខ្ញុំឃើញម៉ូតូរបស់បុគ្គលិកក្រុមហ៊ុន EG បើកក្នុងល្បឿន​លឿនមករកខ្ញុំ ខ្ញុំភ័យខ្លាំងរួចក៏ស្រែកលឺសម្លេងខ្លាំងឡើង ប៉ុន្តែសំណាងល្អបុគ្គលិកនោះបានទាញចង្កូតបត់មកធ្វេងទាន់ កុំអីខ្ញុំចប់ហើយ។ ក្រោយកើតមានហេតុការនេះឡើងបុគ្គលិកEGម្នាក់នោះ ក៏បានជិះម៉ូតូបន្តទៅមុខទៀត ប៉ុន្តែជនជាតិបរទេស២នាក់ដែលបានឃើញហេតុការណ៍នោះបានស្រែកជេរបុគ្គលិកEGម្នាក់នោះជាភាសារខ្មែរថា «អាឆ្កួតឯងបើកបរអត់ដឹងអីចឹង!» បុគ្គលិកម្នាក់នោះក៏បានបត់ម៉ូតូមកក្រោយវិញ ហើយខ្ញុំក៏បានឈប់ម៉ូតូរបស់ខ្ញុំដែរ ហើយបត់ទៅក្រោយវិញដូចគ្នា ព្រោះខ្ញុំបារម្ភខ្លាចថា ក្រែងលរបុគ្គលិក EG នោះវៃជនបរទេសដែលបានការពារខ្ញុំ។ ប៉ុន្តែជាក់ស្តែងបុគ្គលិកក្រុមហ៊ុន EGនោះបានបត់ម៉ូតូមកក្រោយនេះមិនមែនមកសុំទោសខ្ញុំទេ តែថែមធ្វើការវែងញ៉ែករកខុសត្រូវជាមួយខ្ញុំនិងជនបរទេស២នាក់និងមនុស្សមួយចំនួនទៀត ដែលបានឃើញហេតុ​ការណ៍នេះ។ នៅក្នុងអំឡុងពេលវែកញ៉ែនោះខ្ញុំបានបោះសម្តីទៅកាន់បុគ្គលិកក្រុមហ៊ុEG ថា បើបើកលឿនដូចហោះចឹងពេលមានគ្រោះថ្នាក់ទៅងាប់តែឯងមិនអីទេ ប៉ុន្តែកុំនាំគេទៅងាប់ជាមួយ។ ប៉ុន្តែដោយសារវាត្រូវដល់ពេលវេលាខ្ញុំមកកន្លែងធ្វើការ ដូច្នេះខ្ញុំក៏ឱ្យបុគ្គលិកEG ដែលមិនដឹងអីនោះទៅចុះ ព្រោះមិនចង់ខាតពេលវេលាវែកញ៉ែកច្រើន។ សំណួរសួរថាហេតុអ្វីខ្ញុំត្រូវសរសេររឿងនេះរៀបរាប់នៅក្នុងហ្វេសប៊ុក? ទី១. ខ្ញុំខ្លាចចំពោះការបើកបររបស់បុគ្គលិកនៃក្រុមហ៊ុនដឹកជញ្ជូន ដែលភាគច្រើនបើកបរក្នុងលឿនលឿន ទី២ ហេតុការណ៍បុគ្គលិកក្រុមហ៊ុន EGបានបង្កឡើងចំពោះខ្ញុំនៅមុខមហាជន​ ដែលគេមើលឃើញថាម្នាក់នោះខុសហើយ តែបែរជាអត់សុំទោសខ្ញុំ ហើយធ្វើការវែកញ៉ែករកត្រូវខុសទៀត ទី៣ ចង់ឱ្យបងប្អូនមានការប្រុងប្រយ័ត្ននៅលើផ្លូវ ព្រោះខ្ញុំសង្កេតឃើញអ្នក​បើកបរដឹក​ជញ្ជូនបើកលឿនៗណាស់ ព្រោះដើម្បីឱ្យទាន់រហ័សជាមួយនឹងការបំរើសេវាកម្ម ហើយបើបងប្អូនអាចជៀសគាត់បានគួរជៀសឱ្យគាត់ទៅមុនទៅ ព្រោះបើបើកលឿនៗចឹងគាត់ក៏ឆាប់ងាប់មុនពួកយើងដែរ។ ករណីបុគ្គលិកក្រុមហ៊ុន EG បានប៉ះពាល់ដល់ផ្លូវចិត្តធ្វើឱ្យស្មារតីខ្ញុំភ័យខ្លាចហើយ មិនបានសុំទោស ខ្ញុំក៏គិតថាវាមិនអីដែរ ប៉ុន្តែខ្ញុំសូមស្នើដល់អ្នកគ្រប់គ្រងឬម្ចាស់ក្រុមហ៊ុន គួរតែស្វែងរកបុគ្គលម្នាក់នេះ ដើម្បីធ្វើការណែនាំក្នុងការបើកបររបស់ពួកគាត់ មិនមែនដោយសារតែភាពលឿនរហ័សរបស់អ្នក ដោយធ្វើឡើងដើម្បីបំពេញចិត្តអតិថិជនហើយ ធ្វើឱ្យគេមានគ្រោះថ្នាក់ដោយសារខ្លួននោះទេ សូមពិចារណាត្រង់ចំណុចនេះ។ នាងខ្ញុំសុំស្នើដល់អ្នកអនុវត្តច្បាប់ចរាចរណ៍ផងដែរ សូមធ្វើការត្រួតពិនិត្យការបើកបរទៅលើក្រុមហ៊ុនដឹកជញ្ជូនតាមរយៈម៉ូតូ the delivery ព្រោះបុគ្គលិកដឹកញ្ជូនខ្លះក៏មានសុជីវធម៌ក្នុងការបើកបរដែរ ប៉ុន្តែមួយចំនួនទៀតនៅតែបើកបរលឿនមិនខ្លាចប៉ះពាល់ដល់អ្នកដទៃ ដូច្នេះសូមធ្វើការណែនាំដល់ក្រុមហ៊ុនទាំងនោះថែមទៀត ដើម្បីសុវត្ថិភាព ជៀសផុតពីគ្រោះថ្នាក់ និងអាយុជីវិតមនុស្សនៅលើផ្លូវផងដែរ។ សូមអគុណ!