ឯកឧត្តម ជៀង អំ ណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃខេត្តរតនគិរី ត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបានគ្រប់សកម្មភាព និងទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលក្នុងស្ថានភាពសង្គ្រាម ចលាចល និងវឹកវរនៅក្នុងសង្គម

0

ខេត្តរតនគិរី៖ ប្រសាសន៍ណែនាំរបស់ ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តរតនគិរី គ្រាដែលឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅសាលាខេត្តរតនគិរី ។

អភិបាលខេត្តរតនគិរី ឯកឧត្ដម ញ៉ែម សំអឿន បានថ្លែងថា ក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចអង្គសន្និបាតទាំងមូល នឹងប្ដេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ ដើម្បីពុះពារជម្នះគ្រប់ឧបសគ្គ រិះរកវិធីដោះស្រាយរាល់បញ្ហាប្រឈមដែលនៅសេសសល់ ដោយបានឯកភាពទៅលើទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យ ដែលបានឆ្លុះបញ្ចាំងក្នុងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ជាពិសេសឆ្លើយតបទៅនឹងគោលដៅយុទ្ធសាស្ត្ររយៈពេលខ្លី នៃគោលនយោបាយអាទិភាពទាំង ៦ចំណុច របស់រាជរដ្ឋាភិបាល និងគោលដៅអភិវឌ្ឍន៍រយៈពេលវែង នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបន្តគាំទ្រយ៉ាងពេញទំហឹង អនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានបាវចនាចំនួន ៥ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តរតនគិរី ឯកឧត្តម ជៀង អំ មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៃខេត្តរតនគិរី ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ដែលមានកត់ត្រានៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តរតនគិរី។

ឯកឧត្តម ជៀង អំ មានប្រសាសន៍ទៀតថា សមិទ្ធផលដែលរដ្ឋបាលខេត្តរតនគិរី ខិតខំសម្រេចបាននេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាល នៅក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសជាតិ ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការធានាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងដំណើរការជាប្រក្រតីភាពនូវសកម្មភាពសេដ្ឋកិច្ច សង្គម នយោបាយ ពាណិជ្ជកម្ម និងទំនាក់ទំនងការបរទេសយ៉ាងរស់រវើក និងកាន់តែសកម្មថែមទៀត។

ឯកឧត្តម ជៀង អំ បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃខេត្តរតនគិរី ត្រូវយកចិត្តទុកដាក់ខិតខំរួមគ្នា ប្តេជ្ញាចិត្តអនុវត្តឱ្យសម្រេចបានលទ្ធផលល្អប្រសើរ ក្នុងឆ្នាំ២០២៥នេះ ដោយត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបាននូវរាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរក្នុងសង្គម ដែលរៀបចំដោយក្រុមប្រឆាំងខុសច្បាប់មួយចំនួនតូច តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព ជាពិសេសតាមរយៈបណ្តាញសង្គម និងចលនាផ្ទៃក្នុងប្រទេស។

ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តរតនគិរី បានជំរុញរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ តាមដាន ស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា នូវរាល់ទង្វើមិនស្របច្បាប់ ចលនាឧទ្ទាម និងបដិវត្តពណ៌នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវខិតខំស្រាវជ្រាវ និងបង្ការ ទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់ អុចអាលបង្កឱ្យមានអំពើហិង្សា ការប្រឆាំងនឹងអាជ្ញាធរសាធារណៈ និងអសន្តិសុខក្នុងសង្គម ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធរដល់សង្គមជាតិ ទាំងសេដ្ឋកិច្ច សង្គម ទេសចរណ៍ ការវិនិយោគ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕ដោយ៖ឡុង សំបូរ