ខេត្តព្រះវិហារ៖ ខេត្តព្រះវិហារ កម្ពុជា និងខេត្តចំប៉ាសាក់ឡាវ ត្រូវគេដឹងថា គឺជាខេត្តដែលស្ថិតនៅភាគខាងជើង នៃប្រទេស ដែលមានព្រំដែនរួមស្របគ្នា និងជាមិត្តភូមិផង របងជាមួយ តាំងពីយូរយារណាស់មកហើយ ។ រីឯគម្រោងនៃការសាងសង់ស្ពានឆ្លងទន្លេរពៅ នៃខេត្តព្រះវិហារ កម្ពុជា និងស្ពានឆ្លងទន្លេសេឡាំផាវ នៃខេត្តចំប៉ាសាក់ឡាវ ក៏ត្រូវគេមើលឃើញថា គឺជាការពង្រឹង និងការផ្សារភ្ជាប់ នូវសេដ្ឋកិច្ច សង្គម វប្បធម៌ ទេសចរណ៍ បរិស្ថាន ការវិនិយោគ និងជួយបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់នៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ) ។
ដោយសម្លឹងមើលឃើញពីសក្តានុពល និងអត្ថប្រយោជន៍រួម នៃប្រជាជាតិទាំងពីរ អាជ្ញាធរខេត្តព្រះវិហារ កម្ពុជា និងឡាវ នៅថ្ងៃទី១៧មករា២០២៥ បានបើកកិច្ចប្រជុំទ្វេភាគី ស្តីពីលទ្ធភាព នៃការសាងសង់ស្ពាន ទន្លេរពៅ-សេឡាំផាវ និងផ្លូវតភ្ជាប់រវាងខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេ្យប្រជាមានិតឡាវ។
ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ រីឯភាគីឡាវដឹកនាំដោយ លោក Ardnana BULOME អគ្គនាយករងនៃនាយកដ្ឋានផ្លូវថ្នល់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កិច្ចប្រជុំនេះបានធ្វើឡើង នៅវេទិការអុំទូក ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានការចូលរួមពីប្រតិភូអមដំណើរ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៃខេត្តទាំងពីរ ផងដែរ ។
នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំង២កម្ពុជា-ឡាវ បានរំឭកឡើងវិញនូវអនុសាសន៍ ក្នុងសេចក្តីថ្លែងការណ៍រួម ដែលធ្វើឡើងដោយថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត Sonexay SIPHANDONE នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៤ និងការឯកភាពគ្នា រវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំទ្វេភាគី ដែលធ្វើឡើងនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅខាងក្រៅកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៣០ (30th ATM)។
កិច្ចប្រជុំក៏បានសង្កត់ធ្ងន់លើសារសំខាន់ នៃការតភ្ជាប់រវាងប្រទេសទាំងពីរ ហើយបាន ចែករំលែកទស្សនៈរួមថា “មានការតភ្ជាប់កាន់តែច្រើននឹងជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្មទ្វេភាគី ទេសចរណ៍ និងការវិនិយោគ ដែលនឹងនាំមកនូវភាពជាអ្នកជិតខាងល្អ និងវិបុលភាពដល់ប្រទេសទាំងពីរ ព្រមទាំងប្រជាជន” និងបានទទួលស្គាល់ថា ការសម្រេចបាននូវការតភ្ជាប់រវាងប្រទេសទាំងពីរ នូវ(ទន្លេរពៅ-សេឡាំផាវ) នឹងកំណត់ប្រវត្តិសាស្ត្រថ្មី សម្រាប់ប្រទេសទាំងពីរ ក្នុងការកសាងទំនាក់ទំនង និងការតភ្ជាប់សង្គម វប្បធម៌ និងប្រជាជន និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដែលនាំមកនូវការពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាបន្ន សម្រាប់មនុស្សជំនាន់ក្រោយ។
កិច្ចប្រជុំក៏បានបញ្ជាក់ពីប្រជាជន នៃប្រទេសទាំងពីរ ជាពិសេសអ្នករស់នៅខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់ ត្រូវការជាបន្ទាន់នូវស្ពានទន្លេរពៅ-សេឡាំផាវ និងផ្លូវតភ្ជាប់ ដើម្បីសម្រួលដល់ការធ្វើដំណើរ ជីវភាព សង្គម និងការដោះដូរទំនិញ និងសេវាកម្ម និងតាមរយ:នៃកិច្ចប្រជុំ បានចេញនូវគោលការណ៍រួមថា ទីតាំងស្ពាន និងផ្លូវតភ្ជាប់ គឺគ្រាន់តែក្នុងគោលបំណងតភ្ជាប់ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃប្រទេសទាំងពីរ ដូចអនុសាសន៍ ដែលលើកឡើង ដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ)៕ដោយ៖ឡុង សំបូរ