ខេត្តកំពត: សាស្ត្រាចារ្យបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) បានបង្ហាញវិធីសាស្រ្ត ក្នុងការសិក្សានៅសាកលវិទ្យាល័យឲ្យពូកែ និងចំគោលដៅ ពិសេសបង្ហាញអំពី វិធីគិត វិធីធ្វើ ដើម្បីឆាប់ទទួលបាននូវការងារល្អធ្វើដោយលោកបានណែនាំឲ្សសិស្សនិស្សិត ខិតខំពង្រឹងជំនាញរឹង ជំនាញទន់ និងចុះធ្វើកម្មសិក្សានៅតាមស្ថាប័នរដ្ឋ ឯកជន ដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន។
ថ្លែងទៅកាន់សិស្សានុស្សិស និស្សិតនៅក្នុងសន្និសីទ ស៊ីយូអេស ២០២៥ ស្តីពីការសិក្សានៅឧត្តមសិក្សា និងឱកាសការងារ ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តកំពត នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យបណ្ឌិត មាស បូរ៉ា សាលកវិទ្យាធិការ បានបញ្ជាក់ថា ជោគជ័យក្នុងការសិស្សាមានពីរលំដាប់ ទី១. សិស្សាចប់ទទួលបានសញ្ញាបត្រ និងទី២.សិក្សាចប់ទទួលសញ្ញាបត្រ ហើយមានការងារល្អធ្វើ។ ហើយដើម្បីសិក្សាឲ្យបានជោគជ័យ សិស្សនិស្សិតត្រូវដឹងថាខ្លួនចង់ក្លាយជាអ្វី ជាមុនសិន? បន្ទាប់មកកំណត់ចក្ខុវិស័យ និងរៀបចំផែនការជាជំហ៊ានៗ ឲ្យច្បាស់លាស់ ពិសេសត្រូវមានវិន័យក្នុងការសិក្សា និងរស់នៅប្រចាំថ្ងៃ ធ្វើយ៉ាងណាបន្តដំណើររបស់ខ្លួន ឲ្យដល់គោលដៅ ដោយមិនបោះបង់ ឬងាករេ។ ហើយដើម្បីឲ្យឆាប់បានការងារល្អធ្វើ សិស្សនិស្សិត ត្រូវយកចិត្តទុកដាក់ សិក្សាជំនាញរឹងឲ្យបានច្បាស់លាស់ ហើយបន្ថែមជំនាញទន់(ស្រាវជ្រាវបន្ថែម អានជាប្រចាំ) និងចុះធ្វើកម្មសិក្សាយកបទពិសោធន៍ ។
សិស្សនិស្សិតចូលរួមក្នុងសន្និសីទបានសម្តែងការយល់ឃើញរបស់ខ្លួនថា កម្មវិធីពិតជាសំខាន់ និងមានសារៈប្រយោជន៍សម្រាប់សិស្ស និងនិស្សិតទូទៅ ដើម្បីបានស្វែងយល់ពីខ្លួនឯង ទទួលបានការណែនាំ ការតម្រង់ទិស ពិសេសបានត្រៀមខ្លួនរួចរាល់ ក្នុងការប្រកួតជែងដណ្តើមយកទីផ្សារការងារដ័ល្អប្រសើរមួយ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាជាសាកលវិទ្យាល័យនាំមុខគេនៅកម្ពុជា លើការងារបណ្តុះបណ្តាលធនធានមនុស្ស។ បច្ចុប្បន្ន CUS មាន ៩ទីតាំង គឺ៣ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀតនៅតាមបណ្តាខេត្តរួមមានខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត។ សាលាក៏បានចុះអនុស្សារណៈយោគយល់ជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេស ជាច្រើនដូចជា ប្រទេសថៃ កូរ៉េ ចិន ហ្វីលីពីន ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម អ៊ីស្រាអែល ឥណ្ឌា បង់ក្លាដេស ជប៉ុន អង់គ្លេស ម៉ាឡេស៊ី ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើនគុណភាពសិក្សា ឲ្យមានការទទួលស្គាល់ជាអន្តរជាតិ ៕ សេង ណារិទ្ធ