ព្រឹត្តិការណ៍ «សំណេរអង្គរ»លើកទី២ បានប្រារព្ធឡើងនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមជាមួយបេក្ខជនបេក្ខនារីចំនួន១២២០អង្គ/នាក់ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ជាមួយគ្នានេះឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ «សំណេរអង្គរ»លើកទី២ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់សមត្ថភាពការសរសេរអក្សរខ្មែរបានត្រឹមត្រូវ។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាមានប្រសាសន៍ក្នុងពិធីបើកព្រឹត្តិការណ៍ «សំណេរអង្គរ»លើកទី២ថា ការប្រកួតការសរសេរតាមអានជាសាធារណៈ លើកទី២ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារសំខាន់ និងទទួលបានការសាទរ ពីគ្រប់មជ្ឈដ្ឋាន ក្នុងការលើកកម្ពស់លើកតម្កើងអក្សរសាស្ត្រខ្មែរ ជាពិសេសបានជួយដាស់ស្មារតី ប្រជាពលរដ្ឋខ្មែរគ្រប់រូបយកចិត្តទុកដាក់ កែប្រែទម្លាប់នៃការសរសេរអក្សរ ការសរសេរអក្ខរាវិរុទ្ធ និងការអានពាក្សខ្មែរ ឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមថា ការចូលរួមរបស់យើងទាំងអស់គ្នា ពិតជាឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ សាមគ្គីភាពនិងការលើកកម្កើង អក្សរសាស្ត្រដ៏ប្រណិត ដែលបុព្វបុរសរបស់យើងបានបន្សល់ទុកឱ្យ ដូចមានឆ្លាក់ក្នុងសិលាចារិកជាសក្ខីភាពស្រាប់។
សូមបញ្ជាក់ថា ចំពោះលទ្ធផលការប្រកួតប្រជែងការសរសេរតាមអានជាសាធារណៈ លើកទី២ និងត្រូវប្រកាសនៅរសៀលថ្ងៃដដែល ដោយគណៈកម្មការនឹងចាប់ផ្ដើមកែសន្លឹកកិច្ចការបេក្ខជន បន្ទាប់ពីចប់ការប្រឡង។ សម្រាប់ជ័យលាភី នឹងត្រូវបែងចែកជា២ គឺបេក្ខជនអាយុ១៨ឆ្នាំចុះក្រោម មានជ័យលាភីលេខ១ ទទួលបានរង្វាន់ថវិកា៥លានរៀល លេខ២ទទួលបាន៣ លានរៀល និងលេខ៣ ទទួលបាន២លានរៀល និងបេក្ខអាយុ១៩ឆ្នាំឡើង មានជ័យលាភីលេខ១-៣ ទទួលបានរង្វាន់ដូចគ្នា ហើយសម្រាប់ជ័យលាភីអក្សរស្អាតជាងគេ នឹងត្រូវអញ្ជើញឱ្យសសេរដោយដៃផ្ទាល់ នូវក្រមរដ្ឋប្បវណី និងក្រមព្រហ្មទណ្ឌ ទុកជាប្រវត្តិសាស្រ្តទៅថ្ងៃក្រោយ៕