ត្បូងឃ្មុំ ៖ ស្ត្រីម្នាក់ ជាប់ពាក់ព័ន្ធ និងសកម្មភាព នាំក្មេងស្រី ជនជាតិភាគតិចទំពួន ពីខេត្តរតនគិរី យកទៅលក់នៅ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ស្ទាក់ឃាត់ខ្លួន យកទៅសួរនាំ។ការឃាត់ខ្លួននេះធ្វើរឡើង កាលពីរសៀលថ្ងៃទី ៣ ខែវិច្ឆិការ ឆ្នាំ២០១៤ នៅក្រុងសួង ខេត្ត
ត្បូងឃ្មុំ។មន្ត្រីនគរបាលខេត្តត្បូងឃ្មុំបានឲដឹងថា ជនសង្ស័យដែលត្រូវចាប់ឃាត់ខ្លួនមានឈ្មោះ វី ស្រីនាត អាយុ២៦ឆ្នាំរស់នៅភូម១ឃុំឡាមិុញ ស្រុកបកែវ ខេត្តរតនគីរី។ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ត.ម.ច.ធ អាយុ១៤ឆ្នាំ រស់នៅភូមិ១ ឃុំឡាមិុញ ស្រុកបកែវ ខេត្តរតនគីរី។មន្ត្រីនគរបាល ព្រហ្មទណ្ឌក្រុងសួង បានថ្លែងឲ្យដឹងថា ក្រោយមានករណី ជួញដូរមនុស្ស នៅខេត្តរតនគិរី រួចមក នោះ ស្នងការនគរបាល ខេត្តរតនគិរី បានទាក់ទងមកស្នងការនគរបាល ខេត្តត្បូងឃ្មុំ ឲ្យជួយស្ទាក់ និងតាមដាន ស្រាវជ្រាវ បង្ក្រាបបទល្មើសមួយនេះ ។មន្ត្រីនគរបាល បានបន្តទៀតថា ក្រោយមានសេចក្តី រាយការណ៍ ខាងលើ កើតចេញពី ខេត្តរតនគិរីនោះ ស្នងការ នគរបាល ខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យ កម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាល តាមស្រុកក្រុង ចាំឃ្លាំងមើល ដើម្បីចាប់ខ្លួន ជនសង្ស័យ និងជួយសង្គ្រោះក្មេងស្រីរងគ្រោះ។បើតាមមន្ត្រី នគរបាល ដដែល ស្រាប់តែនៅវេលាម៉ោង ៤៖០៤នាទីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ កម្លាំង នគរបាល បានឃើញមុខសញ្ញា និងក្មេងស្រីរងគ្រោះ ហើយក៏ធ្វើការឃាត់ខ្លួនតែម្តង។ក្រោយការឃាត់ខ្លួន និងសួរ នាំរួចមក នគរបាលក្រុងសួង បានប្រគល់ជនសង្ស័យ និងក្មេងស្រីរងគ្រោះ ទៅឲ្យ នគរបាល ខេត្តរតនគិរីវិញ ដែលជាម្ចាស់ករណី ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ផងដែរកាលពីព្រឹកថ្ងៃទី៤នេះ៕