ឧបនាយករដ្ឋមន្រ្តីទៀ សីហា ណែនាំឲ្យអាជ្ញាធរ កងកម្លាំង ប្រជាពលរដ្ឋយល់ដឹងពីគុណតម្លៃនៃពាក្យអគុណសន្តិភាពដើម្បីបញ្ជ្រៀបដល់គ្រប់ស្រទាប់មហាជន

0

ខេត្តសៀមរាបៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារដែលអនុវត្តឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភាព្រឹទ្ធសភា ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២  អគ្គនាយកអាជ្ញាធរជាតិអប្សរា ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងឯកឧត្តម  លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តចូលរួម នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំសណ្ឋាគារបាយ័នអេរ៉ា ក្រុងសៀមរាប ខេត្តសៀមរាប។

ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ថា អាជ្ញាធរដែនដី គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ បានសហការ និងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដោយការប្រើប្រាស់ មធ្យោបាយ និងកម្លាំងគ្រប់ប្រភេទ ក្នុងការចុះអប់រំផ្សព្វផ្សាយ ការចូលរួមរបស់មហាជន និងប្រជាការពារ ដែលធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ គណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ ដែលមកទស្សនា ចូលរួមកិច្ចប្រជុំ និងព្រឹត្តិការណ៍នានាក្នុងខេត្ត។

ជាលទ្ធផល ចលនាប្រឡងប្រណាំងភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ទូទាំង ១០០ឃុំ-សង្កាត់ ទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន ៩០ឃុំ-សង្កាត់ លេខ២ ចំនួន ១០ឃុំ-សង្កាត់ រដ្ឋបាលខេត្តបានលើកជាផែនការអាទិភាព បង្ការ ទប់ស្កាត់ និងបង្ក្រាប រួមមានជាអាទិ៍ សកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្សតាមគ្រប់ទម្រង់ បទល្មើសបច្ចេកវិទ្យា បទល្មើសសេដ្ឋកិច្ច បទល្មើសធនធានធម្មជាតិ ល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាងគ្មានច្បាប់ ក្មេងទំនើង ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ២លាន២០ម៉ឺននាក់ កើនឡើង ២៧,១៩% ភ្ញៀវទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបាន ប្រាក់ចំណូលចំនួនប្រមាណ ៤៨លានដុល្លារ រដ្ឋបាលខេត្តបានបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បណ្តាញអគ្គិសនី ទឹកស្អាត ទូរគមនាគមន៍ជាបន្តបន្ទាប់ តាមរយៈគម្រោងវិនិយោគរបស់រាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងថវិកាវិភាជន៍របស់រាជរដ្ឋាភិបាលមករដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសប្បុរសជនក្នុង និងក្រៅខេត្ត។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប មានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តសៀមរាប ដែលបានយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ភារកិច្ចបានល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងជាទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប រួមចំណែកយ៉ាងសំខាន់ជាមួយក្រសួងស្ថាប័ន និងរាជរដ្ឋាភិបាល នៅក្នុងការគ្រប់គ្រងដឹកនាំប្រទេសជាតិ ឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់នៃ រដ្ឋបាលខេត្តសៀមរាបដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំព្រឹត្តការណ៍ ឬពិធីបុណ្យជាតិសំខាន់ៗ និងបាន សហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នៅក្នុងដំណើការរៀបចំការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ឱ្យប្រព្រឹត្តទៅដោយរលូន គ្មានអំពើ ហិង្សា គ្មានការគំរាមកំហែង មានសន្តិសុខនិងសុវត្ថិភាពល្អ ស្របតាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងបទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត។ឧបនាយករដ្ឋមន្ត្រី ទៀ សីហា មានប្រសាសន៍ថា៖ឆ្នាំ២០២៥ ជាឆ្នាំទី២ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏មានសារៈសំខាន់សម្រាប់ការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍន៍ប្រទេស ជាតិប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្ត ទៀតប្រកបដោយភាពធន់ សមធម៌ និងមាននិរន្តរភាព។ ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺ ផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលជាមូលដ្ឋានគ្រឹះដើម្បីធានាសម្រេចបាននូវការអភិវឌ្ឍដោយ ចីរភាពលើគ្រប់វិស័យ។

 

 

 

 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានណែនាំឲ្យអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនៃខេត្តសៀមរាប យកចិត្តទុកដាក់រួមគ្នាប្តេជ្ញាអនុវត្តឲ្យបានលទ្ធផលល្អប្រស់រក្នុងឆ្នាំ២០២៥នេះ ទី១ ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុខ សុវត្ថិភាពសង្គមឱ្យបានរឹងមាំ យកចិត្តទុកដាក់ តាមដាន ស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ទង្វើមិនស្របច្បាប់ ចលនា ឧទ្ទាម និងបដិវត្តពណ៌នៅក្នុងមូលដ្ឋានរបស់ខ្លួន។បង្ការ ទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់ អុចអាលបង្កឱ្យមានអំពើហិង្សា ការប្រឆាំងនឹងអាជ្ញាធរសាធារណៈ។ត្រូវបន្តជំរុញលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការការពារនិងលើកស្ទួយសិទ្ធិសេរីភាព ពង្រឹង នីតិរដ្ឋនឹងការគោរពច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីលើកកម្ពស់យុត្តិធម៌ និងសីលធម៌សង្គម។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យ អាជ្ញាធរពាក់ព័ន្ធមានដូចជា រដ្ឋបាលខេត្តសៀមរាប ក្រសួងបរិស្ថាន ក្រសួងកសិកម្ម អាជ្ញាធរជាតិអប្សរា នឹិងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គួរតែរួមគ្នាទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងការកាប់ទន្រ្ទានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅតំបន់ភ្នំគូលែននេះឱ្យបានកាន់តែមានប្រសិទ្ធភាព៕ដោយ ប៊ុន រដ្ឋា