ខេត្តព្រះវិហារ៖ ប្រសាសន៍ណែនាំរបស់ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ក្នុងពេលដែលនាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។
ពិធីបិទសន្និបាតនេះផងទៀត ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ,តំណាងក្រសួងមហាផ្ទៃ , ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ,សមាជិកក្រុមប្រឹក្សាខេត្ត ,គណៈអភិបាលខេត្ត ,ប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ,ថ្នាក់ដឹកនាំមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងកម្លាំងមានសមត្ថកិច្ច ស្រុក ក្រុង ឃុំ សង្កាត់ សរុបប្រមាណ ៥០០នាក់ ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក្នុងនាមរាជរដ្ឋាភិបាល បានថ្លែង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ នៃខេត្តព្រះវិហារ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ខិតខំប្រឹងប្រែង យកចិត្តទុកដាក់អនុវត្តភារកិច្ចយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ សម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលនានាជាច្រើន។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់ពីទស្សនទានរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អំពីគុណតម្លៃនៃ «សន្តិភាព» ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ។ ជាមួយគ្នានេះ ដើម្បីធានានិងរក្សានូវសន្តិភាព ដោយស្ថិរភាព និងយូរអង្វែង គឺត្រូវការកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព សមធម៌ និងបរិយាប័ន្ន ដើម្បីសម្រេចគោលដៅជាយុទ្ធសាស្ត្រ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះវិហារ សំដៅបន្តថែរក្សា និងពង្រីកនូវសមិទ្ធផលរបស់ខេត្តបន្ថែមទៀត។
នាយឧត្តមសេនីយ៍ ប្រធានក្រុមការងារងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានផ្ដល់នូវអនុសាសន៍ និងគោលការណ៍ណែនាំបន្ថែម លើកិច្ចការសំខាន់ៗមួយចំនួនសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ដើម្បីពង្រឹង និងលើកស្ទួយសេដ្ឋកិច្ចនៅមូលដ្ឋាន និងការដោះស្រាយជីវភាពប្រជាជន ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសពាក់ព័ន្ធបញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសធនធានធម្មជាតិជាដើម ។
នាយឧត្តមសេនីយ៍ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវាគ្រប់ប្រភេទ ការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយឱ្យបានល្អប្រសើរ ,ការដោះស្រាយបញ្ហាអត្រានុកូលដ្ឋាន ជៀសវាងកុំឱ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ,ជំរុញការចុះបញ្ជីដីធ្លី ការចេញបណ្ណកម្មសិទ្ធិ និងការដោះស្រាយទំនាស់ដីធ្លី ,ពង្រឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាព និងពន្លឿនការដោះស្រាយបណ្ដឹងនៅតុលាការ និងការកាត់ក្តី ប្រកបដោយយុត្តិធម៌ កាត់បន្ថយនូវការកកស្ទះសំណុំរឿង ដោយឈរលើគោលការណ៍ច្បាប់ និងនីតិវិធីជាធរមាន ព្រមទាំងត្រូវគិតគូពីប្រយោជន៍រួមរបស់ប្រជាជន និងប្រយោជន៍ជាតិ អនុវត្តតាមអភិក្រម «ដោះស្រាយបញ្ហា និងមិនបង្កើតបញ្ហា» ក្នុងគោលដៅបង្កើនជំនឿទំនុកចិត្តពីប្រជាជន។
ប្រធានក្រុមការងារងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែង រំលឹកពីអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនអង្គសនិ្នបាតទាំងមូល ត្រូវរួមកម្លាំងគ្នាឱ្យទៅជាកម្លាំងសរុប ឈរលើផ្លូវតែមួយ ទិសដៅតែមួយ ខិតខំប្រឹងប្រែងបន្តអនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវ សកម្មនិងបុរេសកម្ម ដោយយក«ស្មារតីខ្វល់ខ្វាយពីប្រជាជន បម្រើប្រជាជនដោយស្មោះត្រង់ ដែលនេះ គឺជាក្តីសង្ឃឹម និងការចង់បានរបស់ប្រជាជន ក៏ដូចរាជរដ្ឋាភិបាល» ដើម្បីសម្រេចចក្ខុវិស័យដ៏មានមហិច្ឆតារបស់កម្ពុជា៕ដោយ៖ឡុង សំបូរ