​ចុះ​អនុវត្ត​ដីកា​រក្សា​ការពារ​នៅ​លើដី​ទំនាស់​ដ៏​រ៉ាំរ៉ៃ​ដែល​ឈ្មួញ​ខិលខូច​ឃុបឃិត​ជាមួយ​អាជ្ញាធរ​យក​ដី​គេ​ទៅ​លក់​

0

​ខេត្តកណ្តាលៈ​ដី​ទំនាស់​ជាង​១៤​ហិកតា​មាន​ទីតាំង​ស្ថិត​នៅជាប់​ទំនប់​អភិវឌ្ឍន៍​សម្តេច ជា ស៊ីម ក្នុង​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ត្រូវបាន​ម្ចាស់​ពិតប្រាកដ​ដែលមាន​លិខិត​ផ្ទេរ​សិទ្ធ​ចំនួន​១៤​ប្លង់​ស្មើនឹង​ជា​១៤​ហិកតា​បានដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្តកណ្តាល ក្រោយមក​

ត្រូវបាន​សាលាដំបូង​ខេត្ត​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​លេខ​៩៦​ចុះ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៤ ចេញ​ដោយ​លោក សាយ សម្ផស្ស​សេរី ចៅក្រម​ទទួលបន្ទុក​រឿងក្តី​សាលាដំបូង​ខេត្ត ហើយ​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​សហការ​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច​មូល​ដ្ឋា​ន និង​ដើមបណ្តឹង​ចុះ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ​នោ​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ទីតាំង​ដី​ទំនាស់ ។​IMG-20141103-WA0001

​សកម្ម​ភាពចុះ​អនុវត្ត​ដីកា​រក្សា​ការពារ​ខាងលើនេះ​ដឹកនាំ​ដោយ​លោក ហេង ផេង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត និង​មានការ​ចូលរួម​ពី​លោក អ៊ុង ឆាង អភិបាលរង​ស្រុក​កៀនស្វាយ ,​លោក ធូ សា​ខន អធិការរង​ស្រុក ,​លោក នៅ នឿន នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឈើទាល និង​មន្ត្រី​សាលាឃុំ​ឈើទាល តែ​អវត្តមាន​លោកស្រី​មេឃុំ លោក សេក សិទ្ធិ ជា​ចុង​បណ្តឹង​ដែលជា​អ្នក​រៀប​ដី​របស់​ដើមបណ្តឹង​យកទៅលក់​ឲ្យ​ក្រុមហ៊ុន​ដោយមាន​ការឃុបឃិត​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រុក ។​IMG-20141103-WA0004
​ក្នុងការ​អនុវត្ត​ដីកា​នេះដែរ​លោក ហេង ផេង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បាន​ហៅ​អ្នកមើលការខុសត្រូវ​ផ្នែក​គ្រឿងចក្រ​មក​ធ្វើ​ការណែនាំ និង ចេញ​បំរាម​ហាម​ដាច់ខាត​មិន​ឲ្យ​យក​គ្រឿងចក្រ​ធ្វើ​សកម្មភាព​ជីក​កកាយ​លើដី​ទំនាស់​នេះ ។ ប្រសិនបើ​រឹងទទឹង​មិន​អនុវត្តតាម​ការសម្រេច​របស់លោក​ចៅក្រម​សាលាដំបូង​ខេត្ត​ទេនោះ អ្នក​ដែល​ប្រ​ព្រឹ​ត​នឹងត្រូវ​ចាប់ខ្លួន​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​

​ក្នុងពេល​ចុះ​អនុវត្ត​ដីការ​ក្សា​ការពារ​នេះ​ពុំមាន​អំពើហិង្សា​កើតឡើង​នោះទេ ដោយសារតែ​ភាគី​ចុង​បណ្តឹង​ឈ្មោះ សេក សិទ្ធិ និង​ប្រពន្ធ​ឈ្មោះ លុយ បុ​រ៉ា​ណ មិនបាន​ចូលខ្លួន​ក្នុងការ​អនុវត្ត​នេះ​ទេ គឺធ្វើឡើង​ដោយ​ភាគី​ដើមបណ្តឹង​ប៉ុណ្ណោះ សូម្បីតែ​លោកស្រី​មេឃុំ​ក៍​មិន​បានមក​ចូលរួម​ដែរ ។​
​តាម​ប្រភពព័ត៌មាន​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹងថា ដី​ចំនួន​ជាង​១៤​ហិកតា​មាន​លិខិត​ផ្ទេរ​សិទ្ធ​ត្រឹមត្រូវ ហើយ​មាន​ដើមបណ្តឹង​ឈ្មោះ លឹម សុ​ផា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ គឺ​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​សរុប​ចំនួន​១៤​ប្លង់ ដែល​កិច្ចសន្យា​ផ្ទេរ​សិទ្ធ​ទិញ​តាំងពី​ឆ្នាំ​២០០៥​មក​ម្លេះ ដោយមាន​ការចុះហត្ថលេខា​លើ​កិច្ចសន្យា​មាន មេភូមិ និង​លោក ប៉ែន វុ​ធ អតីត​មេឃុំ​ឈើទាល ហើយ​ក្រោយមក​បានទទួល​មរណភាព ។IMG-20141103-WA0001

ក្រោយពី​មេឃុំ​ចាស់​ទទ​យល​មរណភាព​ឈ្មួញ​រៀប​ដី​លក់​ឈ្មោះ សេក សិទ្ធិ បាន​ឃុបឃិត​ជាមួយនឹង​អាជ្ញាធរ​ឃុំ​ដែលមាន​លោកស្រី អ៊ុក សឿន ជា​មេឃុំ​ទើប​ឡើង​ថ្មី និង​អាជ្ញាធរ​ស្រុក​កៀនស្វាយ រៀបចំ​ឯកសារ​ជា​ប្រព័ន្ធ​យក​ដី​ចំនួន​១៤​ប្លង់​នេះ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ផ្សេង ក្រោយមក​ក្រុមហ៊ុន​ដែល​ទិញ​នោះ​ក៍បាន​ប្រើប្រាស់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ឈូសឆាយ​កាយ​លើក​ទំនប់​តែ​ត្រូវ​បែកការណ៍​ដឹង​ដល់​ម្ចាស់​ដី​ដើម ដាក់ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​ខេត្ត ដោយ​ឲ្យ​ឈ្មោះ លឹម សុ​ផា ជាដើម​បណ្តឹង​ត្រូវបាន​សាលាដំបូង​ខេត្ត​ចេញ​ដីកា​រក្សា​ការពារ​យកមកអនុវត្ត​នៅពេលនេះ​ក្នុង​គោលបំណង​ទប់ស្កាត់ កុំ​ឲ្យ​ភាគី​ចុង​បណ្តឹង​ធ្វើ​សកម្មភាព​ជីក​គាស់កកាយ​លើដី​ទំនាស់​ត​ទៀត​រងចាំ​ដល់​សម្រេច​អង្គសេចក្តី​ពី​តុលាការ ៕