ស្រូវប្រាំងជាង ១០០ហិកតា ដែលប្រឈមនឹងការក្រៀមស្វិត ត្រូវបានជួយសង្គ្រោះ នៅក្នុងខេត្តក្រចេះ

0

ខេត្តក្រចេះ៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២២ មករា ២០២៥ បានដឹកនាំក្រុមការងារ អាជ្ញាស្រុកឆ្លូង និងអាជ្ញាធរខេត្តក្រចេះ ចុះពិនិត្យសកម្មភាពក្នុងការអន្តរាគមន៍បូមទឹកបញ្ចូលស្រែ ដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ដែលកំពុងជួបគ្រោះរាំងស្ងួត នៅក្នុងរដូវរំហើយនេះ ស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ។

យោងរបាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានបង្ហាញថា ប្រជាកសិករចំនួន ៣៨៩គ្រួសារ ដែលមានផ្ទៃដីដាំដុះប្រមាណ ៤៨៣ហិកតា បានទទួលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត។

លោកទេសរដ្ឋមន្រ្តី គន់ គីម ក្នុងពេលចុះពិនិត្យស្រូវប្រាំងរបស់ប្រជាកសិករ បានវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ដែលបានសហការគ្នាឆ្លើយតបភ្លាមៗ ទៅនឹងសំណូមពររបស់ប្រជាកសិករដែលកំពុងជួបប្រទះបញ្ហាកង្វះទឹកស្រោចស្រពស្រូវប្រាំង ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គិតមកទល់ពេលនេះ ក្នុងចំណោមស្រូវប្រាំងសរុប មានស្រូវប្រាំងជាង ១០០ហិកតា ត្រូវបានបូមទឹកបញ្ជូនមកសង្គ្រោះ បន្ទាប់ពីពេលថ្មីៗនេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តក្រចេះ និងអាជ្ញាធរខេត្ត បានចាប់ផ្តើមចុះពិនិត្យ និងដោះស្រាយកាលពីថ្ងៃទី២១ មករា ម្សិលមិញ ។

គួរបញ្ជាក់ថា យោងរបាយការណ៍ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ មករា ២០២៥ ខេត្តដែលបានរងការប៉ះពាល់ និងទទួលបានការអន្តរាគមន៍ទឹកសម្រាប់ស្រូវប្រាំង មានចំនួន ៧ខេត្ត គឺ ខេត្តខេត្តក្រចេះ, កំពង់ធំ, កណ្តាល, តាកែវ, បន្ទាយមានជ័យ, ត្បូងឃ្មុំ និងខេត្តព្រៃវែង៕ដោយ៖ឡុង សំបូរ