តាកែវ៖ ក្រោយពីទទួលតំណឹងពីបងប្អូនប្រជាពលរដ្ឋតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ស្នងការដ្ឋាន ថាមានល្បែងស៊ីសងខុសច្បាប់នៅតែបន្តរលួចបើកនៅតាមមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្ដតាកែវ នៅរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ខែកុម្ភៈ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី បានដាក់បញ្ជារយ៉ាងដាច់ហាងការ ទៅកាន់នាយប៉ុស្តិនគរបាលរដ្ឋបាលទាំង ១០០ ចុះបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ដោយមិនត្រូវអនុគ្រោះឡើយ ចាប់ពីពេលនេះតទៅ តែបើសិនជាបង្ក្រាបមិនបាន លោកនឹងបញ្ជាកំលាំងពីខេត្ដចុះឆ្មក់បង្ក្រាប ហើយនាយប៉ុស្តិនៅមូលដ្ឋានត្រូវទទួលខុសត្រូវលើកិច្ចការងារនេះ ។
ជាមួយនឹងការដាក់បញ្ជានេះដែរ លោកស្នងការក៏បានលើកឡើងពីការធ្វើប៉ុស្តិប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង អាចជួយទប់ស្កាត់បទល្មើសនានា ជាពិសេសក្មេងទំនើង និងទទួលបានការគាំទ្រសាទរច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគួរជាទីមោតនៈ។
លោកស្នងការបន្តរថា ក្រោយពីរៀបចំប៉ុស្តិប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង នៅប៉ុស្តិត្រពាំងសាប ស្រុកបាទី និងស្រុកត្រាំកក់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានមកអរគុណដល់ក្រុមសមត្ថកិច្ច ដែលបានធ្វើអោយស្ថានភាព ក្មេងទំនើង ចោលួច ចោប្លន់ នៅពេលយប់មានសភាពស្ងាត់ច្រងំ ដោយសារសមត្ថកិច្ចរៀបនូវយុទ្ធសាស្ត្រចុះល្បាត ទាំងកណ្ដាលយប់ ធ្វើអោយពួកគាត់ជាពលរដ្ឋមានភាពកក់ក្ដៅ និងអាចសម្រានបានលក់ស្រួលជាងមុន៕ តា កែវ