អភិបាលខេត្តកំពង់ចាម បញ្ជូនទឹកជួយសង្គ្រោះស្រូវប្រាំងជិត ១ម៉ឺនហិកតា តាមការស្នើសុំរបស់ អាជ្ញាធរខេត្តព្រៃវែង

0

កំពង់ចាម: បន្ទាប់ពីមានការស្នើសុំរបស់អាជ្ញាធរខេត្តព្រៃវែង នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥នេះ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចុះពិនិត្យ ប្រព័ន្ធធារាសាស្ត្រស្រោចស្រព វ៉ៃកូ ជំហាន១ ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ដើម្បីបូម ទឹកជួយសង្គ្រោះស្រូវប្រាំងជិត ១ម៉ឺនហិកតា របស់ប្រជាកសិករ ចំនួន ១៣ឃុំ ក្នុងស្រុកចំនួន ៣ នៃ ខេត្តព្រៃវែង ដែលប្រឈមនឹងការខ្វះទឹក ។

ក្នុងឱកាសអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង អញ្ជើញចុះពិនិ ត្យលិទ្ធភាព​នៃការភាពបូមទឹកជួយសង្គ្រោះស្រូវប្រាំងនេះដែរ លោក អ៊ុម វិបុល ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រព វ៉ៃកូ ជំហាន១ មានម៉ូទ័រអគ្គិសនីខ្នាតធំ ចំនួន៩គ្រឿង ដោយក្នុង ១គ្រឿងមានលទ្ធភាពបញ្ជូនទឹកបាន ចំនួន ១៤០០០ម៉ែត្រគូប ក្នុង ១ម៉ោង និងប្រើប្រាស់ថាមពលអគ្គិសនីអស់ចំនួន ៤៦០គីឡូវ៉ាត់ ក្នុង ១ម៉ោង ចំពោះកម្លាំងបញ្ជូនទឹកវិញ គឺមានចម្ងាយជាង ១០០គីឡូម៉ែត្រឯណោះ ។

លោកប្រធានមន្ទីរធនធានទឹក បានបន្តថា ប្រព័ន្ធធារាសាស្ត្រស្រោចស្រពវ៉ៃកូជំហាន១ នេះ មាន តួនាទីនាំប្រភពទឹក ពីទន្លេមេគង្គ ភ្ជាប់ដោយផ្នែកខាងលើនៃទន្លេតូច និងព្រែកជីកថ្មី ធ្វើជាប្រភព ទឹកស្រោចស្រព លើផ្ទៃដីកសិកម្មក្នុងខេត្តកំពង់ចាម ជាពិសេសបំផុតនោះ គឺខេត្តព្រៃវែង និងខេត្ត ស្វាយរៀង ដែលតែងតែប្រឈមនឹងការខ្វះខាតទឹក សម្រាប់ប្រជាកសិករយើងធ្វើស្រែនៅរដូវ ប្រាំង ក៏ដូចជាការបង្កបង្កើនផលដំណាំផ្សេងៗ ផងដែរ ៕