អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមាន

0

ខេត្តកែប៖ រូបសំណាក ដែលមានកម្ពស់៥.៧ម៉ែត្រ រចនាឡើងពីថ្មភ្នំ ក្រុមការងារជំនាញបានចំណាយពេលជាង ២២,០០០ម៉ោង ដើម្បីផ្គុំបំណែកថ្មចំនួន ២,២៤០ដុំ ឲ្យចេញជារូបរាង្គឡើង ដោយរូបសំណាកនេះ ត្រូវបានហៅថា អាណាចក្រផ្កាថ្ម។ រូបសំណាកនេះ ជាតឹកតាងមួយបញ្ជាក់ពី សក្តានុពលខេត្តតំបន់សមុទ្រកម្ពុជាពិសេសខេត្តកែប ដែលមានសក្តានុពលគ្រប់គ្រាន់សម្រាប់វិស័យទេសចរណ៍ទាំងលើគោក និងក្នុងបាតសមុទ្រ។

រូបសំណាកនេះ សម្ពោធជាផ្លូវការនារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដែលមានទីតាំងនៅតាមបណ្តោយឆ្នេរតេជោសន្តិភាពខេត្តកែប ផ្លូវចូលកែបវេស ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រូបសំណាក អាណាចក្រផ្កាថ្ម នេះជាស្នាដៃស្ថាបត្យករដែលបង្កប់ទៅដោយសិល្បៈ ហើយនេះជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ ដែលយើងរួមគ្នាសម្រេចបាន និងដាក់តាំងបង្ហាញតាមតំបន់សមុទ្រកម្ពុជារបស់យើង។ ឯកឧត្តមបញ្ជាក់ថា ផ្កាថ្មមានដុះច្រើននៅតាមបណ្តាកោះនៃខេត្តតំបន់សមុទ្រកម្ពុជា ហើយសមុទ្រកែបក៏សម្បួរដែរ ហើយនេះជាសក្តានុពលទេសចរណ៍ដ៏ទាក់ទាញមួយដែរ។

លោក ជេហ្វ មូន (Jef Moons) ម្ចាស់រូបសំណាក អាណាចក្រផ្កាថ្ម លើកឡើងថា ជាមួយក្តីសង្ឃឹម អាណាចក្រផ្កាថ្ម នឹងទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីអោយចូលមកលេងកម្សាន្តខេត្តកែប។ លោកបញ្ជាក់ថា យើងកំពុងសំលឹងមើលទៅថ្ងៃអនាគត ជាមួយគម្រោងដ៏គួរអោយរំភើបមួយ ដែលផ្តោតលើវិចិត្រសាលសមុទ្រកែប ជាសារមន្ទីរក្រោមទឹកដ៏មានសក្តានុពល ក្នុងភាពជាដៃគូជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា(MCC)៕ សេង ណារិទ្ធ