សួនតេជោសន្តិភាព ត្រូវបានបញ្ចុះបឋមសិលា និងបើកដំណើរការសាងសង់ នៅខេត្តឧត្តរមានជ័យ !

0

ដោយ៖ឡុង សំបូរ
ខេត្តឧត្តរមានជ័យ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានមូលនិធីសាងសង់សួនតេជោសន្តិភាពខេត្តឧត្តរមានជ័យ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ (សួនតេជោសន្តិភាព) ដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរខេត្តឧត្តរមានជ័យ, សៀមរាប, ខេត្តកំពង់ធំ ,កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋ ២ពាន់ ២៥០នាក់ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានវាយតម្លៃខ្ពស់ ចំពោះរដ្នបាលខេត្តឧត្តរមានជ័យ, ក្រុមការងារនៃគណៈកម្មការសិក្សា និងរៀបចំសាងសង់វិមានឈ្នះ ឈ្នះ, ក្រុមការងារប្រវត្តិសាស្រ្ត, អង្គភាពសេនាតេជោ, អនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង និងក្រុមការងារពាក់ព័ន្ធ ដែលបានខិតខំយកចិត្តទុកដាក់ខិតខំរៀបចំ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់(សួនសន្តិភាព)ខេត្តឧត្តរមានជ័យ ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ការបញ្ចុះបឋមសិលានាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយ ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាល គណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ សម្រេចបានក្នុងការួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌ប្រវត្តិសាស្ត្រ ប្រកបដោយចីរភាព ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា បន្ទាប់ពីការកសាងវិមានឈ្នះ ឈ្នះ និងការកសាងស្តូបឈ្នះ ឈ្នះ នៅកោះកុង អន្លង់វែង ប៉ៃលិន និងការរៀបចំពិធីបញ្ចុះបឋមសិលាកសាង សួនតេជោសន្តិភាព នាពេលនេះ គឺតំណាងឱ្យខ្លឹមសារនយោបាយឈ្នះ ឈ្នះ ជាការចងចាំគុណតម្លៃសន្តិភាព ដែលមានអត្ថន័យច្រើនយ៉ាង ដោយបានបន្តនិរន្តរភាពប្រវត្តិសាស្ត្រ ជាការកសាងតឹកតាង ដើម្បីចារឹកទំព័រនៃការបញ្ចប់សង្គ្រាម នាំឱ្យមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ។ ទន្ទឹមនេះក៏បានផ្តល់សក្ខីកម្ម នៃការខិតខំការពារសន្តិភាព និងស្ថិរភាព ទប់ស្កាត់កុំឲ្យកើតមានជម្លោះ ឬសង្គ្រាមស៊ីវិលក្នុងប្រទេសថែមទៀតផង សម្រាប់មនុស្សជំនាន់ក្រោយ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលបង្កើត និងដឹកនាំដោយសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា មានដំណើរការតាមដំណាក់កាល តាមទីកន្លែងពីជំហានមួយ ទៅជំហានមួយ លើស្ថានភាពបត់បែនស្មុគស្មាញ និងមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្លាតវៃតាមយុទ្ធវិធីច្រើនយ៉ាង ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ទីតាំងស្រុកអន្លង់វែង ក៏ដូចជាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនៃខេត្តនេះ គឺជាធនធានដ៏វិសេសវិសាលមួយ ត្រូវបានស្គាល់ជាទូទៅថា ជាតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម និងជាចំណុចផ្តោតមួយដ៏សំខាន់នៃគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ទៀតថា តំបន់ឧត្តរមានជ័យប្រមូលផ្តុំទៅ ដោយកេរដំណែល និងបន្សល់ទុកនូវប្រវត្តិសាស្ត្រជាច្រើន ដោយសារតែអន្លង់វែងមានសារៈសំខាន់ក្រៃលែង ចំពោះភាពស្វិតស្វាញ នៃចលនាតស៊ូរបស់ខ្មែរក្រហម តំបន់នេះ គឺជាទីតាំងនិមិត្តរូបតំណាងឱ្យជ័យជំនះចុងក្រោយ នៃគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានក្តីសង្ឃឹមយ៉ាងមុតមាំថា ការកសាងសួនសន្តិភាពនៅទីនេះនឹងបណ្តុះនូវស្មារតីដឹងគុណ កតញ្ញូ និងចូលរួមការពារសន្តិភាព ដោយនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ព្រមទាំងពង្រីក និងពង្រឹង គ្រប់ទីតាំងគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយមានការចូលរួមរបស់មនុស្សជំនាន់នេះ និងជំនាន់តទៅអនាគត គឺជាកត្តាស្នូលនៃការថែរក្សាសន្តិភាព ដែលបានមកពីនយោបាយឈ្នះ ឈ្នះ៕