ខេត្តកំពត: ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ខេត្តតំបន់ឆ្នេរទាំងបួនរបស់កម្ពុជា មានសក្តានុពលខ្លាំងណាស់ ក្នុងការជំរុញដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ តាមរយៈលំហូរភ្ញៀវទេសចរ និងទាក់ទាញអ្នកវិនិយោគលើវិស័យផ្សេងៗ។ ឯកឧត្តមស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់សូមនាំគ្នាចូលរួមរៀបចំ និងអភិវឌ្ឍន៍តំបន់ឆ្នេរឲ្យកាន់តែស្អាត និងទាក់ទាញបន្ថែមទៀត។
ថ្លែងនៅក្នុងពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់ឆ្នេរខ្សាច់កម្សាន្តស្អាត និងព្រែកកម្សាន្តស្អាត, ស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា និង វីដេអូខ្លី ស្តីពី“មាតុភូមិខ្ញុំ ឆ្នេរស្អាត ព្រែកស្អាត” ដែលបានធ្វើឡើងនៅឆ្នេរកោះស្មៅ ស្រុកទឺកឈូ ខេត្តកំពត នៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានលើកឡើងថា បន្ទាប់ពីកម្ពុជាមានឯករាជ្យជាតិ មានសុខសន្តិភាព បច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត សម្តេចផ្តោតសំខាន់ទៅលើការងារអភិវឌ្ឍន៍ ដោយបានដាក់នូវបាវចនាចំនួន៥គឺៈ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ឯកឧត្តមបន្តថាខេត្តតំបន់ឆ្នេរទាំងបួនរបស់កម្ពុជា ជាខេត្តដែលមានសក្តានុពលខ្លាំង ដែលអាចជួយជំរុញសេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិតាមរយៈលំហូរភ្ញៀវទេសចរ និងការទាក់ទាញអ្នកវិនិយោគផ្សេងៗ ព្រោះមានទាំងកំពង់ផែ និងព្រលានយន្តហោះ។ ឯកឧត្តមបានលើកទឹកចិត្តគ្រប់ភាគីចូលរួមរៀបចំ និងអភិវឌ្ឍន៍តំបន់ឆ្នេរ ឲ្យកាន់តែស្អាត ហើយទាក់ទាញទេសចរ និងអ្នកវិនិយោគថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរំលេចដែរថា ខេត្តកំពតជាខេត្តជាប់តំបន់ឆ្នេរតារារះទិសនិតី ដែលទាក់ទាញភ្ញៀវទេសចរច្រើនជាងគេរបស់កម្ពុជា បន្ទាប់ពីខេត្តសៀមរាម ព្រោះខេត្តកំពតអាចឲ្យភ្ញៀវគ្រប់កម្រិតមកដើរកម្សាន្តបាន រមណីយដ្ឋានទាក់ទាញច្រើន កន្លែងស្នាក់នៅស្អាត ម្ហូបអាហារ មានតម្លៃសមរម្យ ហើយនៅជិតរាជធានីភ្នំពេញទៀតផង។ ហើយឯកឧត្តមនឹងជួយជំរុញបន្ថែម នៅតាមតំបន់សហគមន៍នេសាទ ឲ្យអាចទទួលភ្ញៀវទេសចរបានកាន់តែច្រើន។
នៅក្នុងពិធីនោះដែរ ខេត្តកំពតទទួលជ័យលាភីឆ្នេរកម្សាន្តស្អាតចំនួន៣លើ៣ ទី១.ឆ្នេរថ្មីកំពង់បាយក្រុងកំពត ទី២. ឆ្នេរកោះស្មៅស្រុកទឹកឈូ និងទី៣. ឆ្នេរស្ពានរថភ្លើងកំពង់បាយក្រុងកំពត ចំពោះព្រែកជ័យលាភីមាន៣ដែរ ទី១. ព្រែកក្បាលរមាស ស្រុកទឺកឈូ ទី២.ព្រែកសហគមន៍នេសាទព្រែកត្នោត ក្រុងបូកគោ និងទី៣.ព្រែកសហគមន៍ទេសចរណ៍ត្រពាំងសង្កែស្រុកទឹកឈូ៕ សេង ណារិទ្ធ