លោក ខ័ណ្ឌ ចំណាន៖ រាជរដ្ឋាភិបាលនីតិកាលទី៧ បានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាគន្លឹះអាទិភាព លើការកសាងធនធានមនុស្ស ប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា !

0

ដោយ៖ឡុង សំបូរ
ខេត្តរតនគិរី៖ ការលើកឡើងរបស់លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តតនគិរី នៅក្នុងឱកាស នៃពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា២០២៤-២០២៥ របស់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
អភិបាលរងខេត្តតនគិរី លោក ខ័ណ្ឌ ចំណាន បានថ្លែងថា យុទ្ធសាស្រ្តរាជារដ្ឋាភិបាលដែលបានដាក់ចេញនេះ គឺ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទី ផ្សារពលកម្មផង និងដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរ នៃរចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ក្នុងបរិបទនៃទំនើបកម្ម ក្នុងវិស័យបច្ចេកវិទ្យា ដោយឈរលើមូលដ្ឋានចំណេះដឹង ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ឆ្ពោះទៅរកការកសាងសង្គមកម្ពុជា សម្រេចបានឋានៈជា ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក ខ័ណ្ឌ ចំណាន បានថ្លែង ចាត់ទុកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាឱកាសសម្រាប់ឱ្យមន្ត្រីអប់រំ និងអ្នកពាក់ព័ន្ធសំខាន់ៗ នៅថ្នាក់មូលដ្ឋានសាលារៀនបានមកជួបជុំគ្នា ប្រមូលនូវបញ្ញាញាណ ដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនៈ ចំណេះដឹង និងបទពិសោធន៍ ក្នុងគោលបំណងដោះស្រាយបញ្ហា និងរិះរកវិធានការបន្ត សម្រាប់កំណត់ទិសដៅឱ្យបានត្រឹមត្រូវ សម្រាប់អនុវត្តនៅក្នុងឆ្នាំសិក្សាបន្ត។
លោកអភិបាលរងខេត្តរតនគិរី បានថ្លែង កោតសរសើរ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្ត និងផ្តល់នូវការគាំទ្រយ៉ាងធំធេងក្នុងការចូលរួមដឹកនាំ និងអនុវត្តការងារតាមជំនាញផ្សេងៗរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅប្រកបដោយភាពជោគជ័យ។
នៅក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត ក៏បានអញ្ជើញប្រគល់ជូនលិខិតសរសើរ និងលិខិតថ្លែងអំណរគុណ ជូនបុគ្គលិកអប់រំ ដែលបានទទួលជ័យលាភីជាគ្រូបង្រៀនល្អ នាយកសាលារៀនល្អ សាលារៀនស្អាត និគ្រូបង្រៀនភាសារខ្មែរ គណិតវិទ្យា និងគ្រូបង្រៀនដែលជួយបង្រៀនពីចម្ងាយ នៅគ្រឹះស្ថានមធ្យមសិក្សាដែលខ្វះគ្រូបង្រៀន៕