តាកែវ៖ ក្រុមក្មេងទំនើង ៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលបាលក្រុងដូនកែវ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាតំបូងខេត្ដតាកែវ នៅរសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៥នេះ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពយកដុំថ្ម ដុំដី គុបមកលើគូរទំនាស់បង្ករការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅចំនុចផ្លូវទំនប់បឹងតាកែវ ក្រុងដូនកែវ ខេត្ដតាកែវ នៅវេលាម៉ោង ៥រសៀល។
សកម្មភាពរបស់ក្រុមក្មេងទំនើងធ្វើខាងលើ ត្រូវបានគណនីហ្វេសបុកមួយ មានឈ្មោះ(Team កង់ឡាន) ក្រុមជនរងគ្រោះ បានបង្ហោះជាសាធារណៈនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក ស្តីពីយុវជនម្នាក់ ក្នុងចំណោមបក្សពួក៤នាក់ បានធ្វើសកម្មភាពរើសយកដុំថ្ម ដុំដី គប់ទៅលើក្រុមរបស់ខ្លួន ផ្ដើមចេញពីរឿងខឹងយករូបភាព Logo របស់ក្រុម Team កង់ឡាន យកទៅជាន់លេង និងអូសម៉ូតូមកកិន និងអុកពីលើស្ទីកគ័រឡូហ្គោរបស់គេ។
ក្រោយទទួលបាននូវព័ត៌មានខាងលើ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានបញ្ជារអោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងបីសង្កាត់ នឹងកងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងជំនាញព្រហ្មទណ្ឌកំរិតស្រាល បើកការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់ ដោយពិនិត្យមើលលើសកម្មភាពក្រុមក្មេងទំនើងនោះតាមរយៈ Video យ៉ាងយកចិត្តទុកដាក់ ទើបដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១១ និង៣០នាទី សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវរកអត្តសញ្ញាណអ្នកផុសវីដេអូខាងលើ នឹងហៅមកធ្វើការសាកសួរ ទី០១ មានឈ្មោះ មុត វេហា (ហៅវេហា) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិ ត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត(អ្នកផុសវីដេអូ) នឹងទី០២ មានឈ្មោះ តេង រតនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិ ថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្ត កែប (អ្នករួមដំណើរ) យកមកធ្វើការសាកសួរ រហូតកំលាំងនគរបាលបន្តរស្រាវជ្រាវឈានដល់ការឃាត់ខ្លួន អ្នកធ្វើសកម្មភាពក្នុងវីដេអូខាងលើរួមទាំងបក្សពួកបានចំនួន ០៤នាក់ ទី០១-ឈ្មោះ លន់ សំអូន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស (ជនដៃដល់) ទី០២-ឈ្មោះ ញ៉េប រិទ្ធី (ហៅអាជ្រូក) ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស (បក្សពួក) ទី០៣ ឈ្មោះ ឈិត ប៊ុនព្រឹក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស (បក្សពួក) នឹងទី០៤ ឈ្មោះ ឃី រក្សា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស (បក្សពួក) ក្រុមក្មេងទំនើងទាំង ០៤នេះមានទីលំនៅក្នុងក្រុងដូនកែវ ខេត្ដតាកែវ ។
ក្រោយធ្វើការសាកសួរពីសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង ៤នាក់ខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដុំថ្ម និងដុំដី គុបទៅលើបក្សពួកម្ខាងទៀតពិតប្រាកដមែន ដោយសារតែមានទំនាស់ជាមួយនិងក្រុម Team កង់ឡាន ដោះស្រាយមិនត្រូវរូវគ្នា ៕ តាកែវ