កំពង់ឆ្នាំង៖យុវជន២នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏មួយ ខណៈដែលជនរងគ្រោះ ទាំង២នាក់ជិៈម៉ូតូឆ្លងថ្នល់ជាតិមិនបានប្រយ័ត្ន ត្រូវរថយន្តកាមរីបាឡែនបុកពេញទំហឹង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង៥០នាទីព្រឹកថ្ងៃទី០២ ខែវិឆ្ឆិកា ឆ្នាំ
២០១៤នៅលើផ្លូវជាតិលេខ៥មុខវត្តអង្គ ស្ថិតក្នុងភូមិអង្គ ឃុំពពេល ស្រុកបរិបូណ៌។
មន្ត្រីនគរបាលចរាចរណ៏ស្រុកបរិបូណ៌បាននិយាយអោយដឹងថា៖ យុវជនរងគ្រោះមាន ១.ឈ្មោះសេង ហាក់ អាយុ១៩ឆ្នាំ ជាអ្នកបើកម៉ូតូ និង២.ឈ្មោះ នន់ គាលី អាយុ១៨ឆ្នាំ គេទាំងពីរនាក់មានទីលំនៅភូមិ ឃុំ កន្លែងកើតហេតុ។មុនពេលកើតហេតុមានរថយន្តកាមកាមរី ឆ្លាមពណ៏ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2G.1350 បើកបរដោយជនពុំស្គាល់ឈ្មោះ បានបើកតាមបណ្តោយផ្លូវជាតិពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់ជនរងគ្រោះ២នាក់ បានជិៈម៉ូតូម៉ាកឃ្លីក ពណ៏ខ្មៅ
ស គ្មានស្លាកលេខ ក្នុងដំណើរពីលិចទៅកើត ហើយក៏បានបើកឆ្លងថ្នល់ ជាតិមិនប្រយ័ត្នក៏ត្រូវរថយន្តបុកយ៉ាងពេញទំហឹង បណ្តាលអោយប៉ើងជាច្រើនម៉ែត្រ រងរបួសធ្ងន់ស្រាល ចំណែករថយន្តបានធ្លាក់ពីផ្លូវជាតិចូលស្រែតែម្តង។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកបរិបូណ៌។មន្ត្រីបានទៅវាស់វែងកសាងសំណុំរឿងតាមនិតិវិធី និងបានយកមធ្យោបាយទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ ដើម្បីរង់ចាំភាគីចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕