អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យដាំកូនត្នោត និងកូនក្ងោក លើខ្នងទំនប់ឱ្យបានច្រើនដើម ខណៈចុះពិនិត្យស្រូវប្រាំង នៅស្រុកបាធាយ

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ អាជ្ញាធរមូលដ្ឋាន ឱ្យដាំកូនត្នោត និងកូនក្ងោក លើខ្នងទំនប់ឱ្យបានច្រើនដើម ការណែនាំបែបនេះ ក្នុងឱកាសឯកឧត្តម ដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពនៃការបង្ករបង្កើន ផលស្រូវប្រាំង របស់ប្រជាកសិករ ក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រុញលើកទឹកចិត្តដល់ បងប្អូនប្រជាកសិករយើងឱ្យបន្តខិតខំធ្វើការបង្កបង្កើនផលដាំដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ ដើម្បីជួយទ្រទ្រង់ដល់ជីវភាព គ្រួសារឱ្យកាន់តែល្អប្រសើរឡើង។ ចំពោះតំបន់ដែលរងផល ប៉ះពាល់ ឯកឧត្តម ក៏បានធ្វើការណែនាំដល់មន្ត្រីជំនាញ ឱ្យធ្វើការសិក្សាលើកជាគម្រោងកសាង ប្រព័ន្ធធារាសាស្ត្រ ដើម្បីបង្កលក្ខណៈ ងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ សម្រាប់ធ្វើការ បង្កបង្កើនផលផងដែរ ។

បើតាមសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នេះ ប្រជាពលរដ្ឋក្នុងឃុំតាំងក្រសាំង បានធ្វើការបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងលើផ្ទៃដីសរុប ៩៤៥ហិកតា ក្នុងនោះផ្ទៃដីដែលប្រឈម និងរងផលប៉ះពាល់បង្កឡើងដោយសារការខ្វះខាតទឹក ស្រោចស្រព មានចំនួន ២២៨ហិកតា ដោយអាជ្ញាធរកំពុងអន្តរាគមន៍ផ្គត់ផ្គង់ទឹកបានចំនួន ២២៥ហិ កតា នៅខ្វះខាតទឹកចំនួន ៣ហិកតា។ ពោលគឺស្ថានភាពនៃការបង្កបង្កើនផលដំណាំស្រូវប្រាំងនេះ គឺពុំមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរឡើយ ៕