ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រែក្រសាំង ប្តេជ្ញាការពារសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ ក្រុមយុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្តេជ្ញាការពារសមិទ្ធផលនានា ដែលកើតចេញពីថ្ងៃ ៧មករា

0

ខេត្តស្ទឹងត្រែង៖ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រែក្រសាំង លោកឧត្តមសេនីយ៍ត្រី តន ឆៃ បានប្តេជ្ញាការពារសុខសន្តិភាពឱ្យបានរឹងមាំ រីឯក្រុមយុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានប្តេជ្ញាការពារសមិទ្ធផលនានា ដែលកើតចេញពីថ្ងៃ ៧មករា ឱ្យបានគង់វង្ស។

ការប្តេជ្ញាចិត្តរួមគ្នានេះ បានធ្វើឡើងក្នុងមិទិ្ទញរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧មករា១៩៧៩-៧មករា២០២៥) នៅស្នាក់ការបក្សឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៥។

មិទ្ទិញរំលឹកខួប៤៦ឆ្នាំ បានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី តន ឆៃ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សមាជិកការងារចុះមូលដ្ឋានស្រុកសៀមបូក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រែក្រសាំង ,ប្រធានក្រុមប្រឹក្សាស្រុក ,ថ្នាក់ដឹកនាំស្រុក ឃុំ ដោយមានការចូលរួមពីមន្ត្រីរាជការ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យុវជន និងប្រជាពលរដ្ឋជិត ៣០០នាក់។

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រែក្រសាំង លោកឧត្តមសេនីយ៍ត្រី តន ឆៃ បានអានសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថា ខួប៤៦ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា គឺជាទិវាជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ខៀវ សំផន បានធ្វើឱ្យប្រជាជាតិខ្មែររស់រានមានជីវិតឡើងវិញ និងទាន់ពេលវេលា រួចផុតពីអំពើទារុណកម្ម និងការកាប់សម្លាប់យ៉ាងឃោឃៅបំផុត។

លោកឧត្តមសេនីយ៍ត្រី តន ឆៃ ​បានបន្តថា យើងប្រារព្ធខួបនៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនេះឡើង គឺក្នុងស្មារតីចងចាំពុំអាចបំភ្លេចបាននូវមហាឧក្រិដ្ឋកម្ម ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើប្រជាជនស្លូតត្រង់កម្ពុជា ព្រមជាមួយនេះ យើងចងចាំជានិច្ចនូវគុណូបការៈ ដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាចលើសមរភូមិ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ និងបានការពារនៃការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី តន ឆៃ បានប្តេជ្ញាការពារសុខសន្តិភាពនៅកម្ពុជា និងបានចាត់ទុក ថ្ងៃ៧មករា គឺជាថ្ងៃប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានផ្តល់ការរស់រានមានជីវិតឡើងវិញ រួចផុតពីការកាប់សម្លាប់ នៃរបបដ៏សាហាវយង់ឃ្នង ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺ៖ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គម ជាមួយនឹងស្នាមញញឹម “៧មករា” បានដិតជាប់ជានិច្ចក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប ហើយប្រជាជនកម្ពុជាទូទាំងប្រទេស បានប្រសិទ្ធនាមថា៖ «ថ្ងៃ៧មករា គឺ៖ ជាថ្ងៃកំណើតទីពីររបស់ខ្លួន»។

តំណាងសិស្សវិទ្យាល័យទួលវិជ្ជា និងពលរដ្ឋខ្មែរអ៊ីស្លាម នៃឃុំស្រែក្រសាំង ស្រុកសៀមបូក បានឡើងធ្វើចំណាប់អារម្មណ៍ និងប្តេជ្ញាថា នឹងគោរពដើរតាមការដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា និងការពារដាច់ខាតនូវរដ្ឋអំណាចប្រជាជន ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាស្នូលដឹកនាំ និងជាប្រមុខដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា តរៀងទៅ។

ក្នុងនាមមន្ត្រីរាជការ ប្រជាពលរដ្ឋ កម្លាំងគ្រប់ផ្នែក និងជាយុវជន ដែលជាទំពាំងស្នងឬស្សី ទោះក្នុងតម្លៃណាក៏យើងខ្ញុំ សូមសន្យាយ៉ាងខ្ពស់ និងប្តូរផ្តាច់ការពារនូវគ្រឹះនៃសុខសន្តិភាពរបស់ប្រជាជាតិឱ្យខាងតែបាន ហើយព្រមជាមួយនេះ យើងខ្ញុំក៏សូមប្តេជ្ញារៀនសូត្រ និងបន្តថែរក្សាពូនជ្រុំនូវប្រពៃណីតស៊ូ ការពារ កសាង អភិវឌ្ឍន៍ប្រទេស ពីរៀមច្បង ធ្វើឱ្យកម្ពុជាឈានឡើងដូចបណ្តាប្រទេសនៅលើពិភពលោក៕ ដោយ៖ឡុង សំបូរ