ខេត្តព្រះសីហនុ៖អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយស សូមជម្រាបជូនដល់សាធារណជនជ្រាបថា កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ១២៦ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ និងសំណុំរឿងព្រហ្មទណ្ឌលេខ១៣២ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ទាក់ទិននឹងបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយយុវជនជាក្រុមអ្នកដឹកជញ្ជូនE-Gats ច្រើននាក់ និងបទល្មើសគ្រោះថ្នាក់ចរាចរណ៍(រត់គេចខ្លួន)បង្កឡើងដោយបុរសជនជាតិចិនម្នាក់ មានជនត្រូវចោទមានខ្លួន៖ក្រុមអ្នកដឹកជញ្ជូន E-Gats៖១. ឈ្មោះ សំ វ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ២.ឈ្មោះ ហង្ស ពិន័យ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ.៣. ឈ្មោះទំ សុវណ្ណរិទ្ធ ហៅ ទីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ.៤. ឈ្មោះអាន ទី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ.៥. ឈ្មោះណាវ ថៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ.៦. ឈ្មោះ អង ផល្លា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ.៧. ឈ្មោះ ផល គងហុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ និងបក្ខពួកពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅចំណុចមុខខុនដូរស្ដាបេ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា២១៨ និងមាត្រា៤១១នៃក្រមព្រហ្មទណ្ឌ។-ចំណែកបុរសជនជាតិចិនដែលជាដើមចមក្នុងករណីគ្រោះថ្នាក់ចរាចរណ៏នេះមាន៖. ឈ្មោះ TIAN HAO (ធាន ហាវ) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ដោយជនជាតិចិនខាងលើនេះ កាលពីថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង ០២ និង១០នាទី រំលងអធ្រាត្រ នៅលើផ្លូវលំហែព្រះភូមិន្ទ ត្រង់ចំណុចជិតសណ្ឋា គារហ្គោបូស៊ីសភូមិ៤សង្កាត់លេខ៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ បានបើកបររថយន្តម៉ាក LANDCRUISER ពណ៌ខ្មៅស្លាកលេខភ្នំពេញ2AS7000ក្នុងទិសដៅពីលិចទៅកើតក្នុងស្ថានភាពស្រវឹងលុះដល់ចំណុចកើតហេតុដោយស្ថានភាពផ្លូវកោង បានរ៉េចង្កូតទៅខាងឆ្វេងដៃ បុករថយន្តចំនួន០២គ្រឿងម៉ាកLEXUS RX-300 ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2N-0393 បើកបរដោយឈ្មោះ សារី ភស្តដា ភេទប្រុសកើតឆ្នាំ១៩៩២ ជនជាតិខ្មែរ ដែលកំពុងបើកបរក្នុងទិសដៅផ្ទុយគ្នា និងរថយន្តម៉ាក TOYOTA PRIUS ពណ៌ខៀវស្លាកលេខ កំពត 2C-9368 ដែលកំពុងចតនៅក្បែរចិញ្ចើមផ្លូវក្នុងទិសដៅផ្ទុយគ្នាបណ្តាលឲ្យខូចខាតរថយន្តទាំង០២គ្រឿងហើយបុរសជនជាតិចិនខាងលើព្យាយាមបើករថយន្តគេចចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានយុវជនជាក្រុមអ្នកដឹកជញ្ជូន E-Gets ជាច្រើននាក់ ដែលធ្វើដំណើរតាមផ្លូវជិះដេញតាម ហើយឃាត់បានទាំងរថយន្តនិងអ្នកបើកបរនៅត្រង់ចំណុចជិត សណ្ឋាគារស្តាបេរួចហើយក៏បានព្រួតគ្នាវាយតប់ទៅលើអ្នកបើកបររថយន្តជនជាតិចិនបណ្ដាលឲ្យបែកក្បាលដេរជាច្រើនថ្នូរ ព្រមទាំងជាំមុខ និងជាំពេញដងខ្លួនហើយវាយបំផ្លាញរថយន្តថែមទៀតផង។ក្រោយពីតំណាងអយ្យការ បានទទួល និងពិនិត្យលើសំណុំរឿងទាំងពីរខាងលើ ព្រមទាំងផ្អែកលើភស្តុតាងបានសម្រេចបើកការចោទប្រកាន់លើជនត្រូវចោទទាំង០៨នាក់ខាងលើ និងបក្ខពួក បញ្ចូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការតាមនីតិវិធី។បន្ទាប់ពីបានសួរចម្លើយនិងពិនិត្យភស្តុតាងចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនលើជនត្រូវចោទទាំង០៨នាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីដោយឡែកចំពោះជនត្រូវចោទផ្សេងទៀតដែលបានគេចខ្លួន ចៅក្រមស៊ើបសួរ នឹងមានចំណាត់ការតាមនីតិវិធី៕





នាគសមុទ្រ