កំពង់ចាម: ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងឯកឧត្តម អ៊ុន ចាន់ដា ប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បាន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានស្នើឲ្យមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវបន្ត ការយកចិត្តទុកដាក់មើលថែរក្សាសុខទុក្ខ និងបំរើសេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ស្របតាមទិសដៅ និងគោលនយោបាយរបស់គណបក្ស ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺឲ្យមន្ត្រីគណបក្សទាំងអស់ ត្រូវចុះជួបប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីដឹងពីសុខទុក្ខការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ក៏បានកោតសសើរដល់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្ស ដែលបានចូលរួមបរិច្ចាថវិកាផ្ទាល់ខ្លួន ក្នុងការកសាងស្នាក់ការឃុំទួលសំបួរនេះឲ្យកើតជារូបរាង ក្នុងន័យបុព្វហេតុ ដើម្បីគណបក្ស ពោលគឺធ្វើយ៉ាងណាឲ្យគណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋានរឹងមាំ ។
បេីតាមលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំទួលសំបួរ និងឃុំអារក្សត្នោត ស្រុក ស្ទឹងត្រង់ បានឲ្យដឹងថា ថវិកាដែលបានកសាងស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទួលសំបួរនេះ គឺបានមកពីការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារ និងសប្បុរសជន ហើយការចំណាយលើ ការសាងសង់រួមមាន៖ របង បន្ទប់ទឹក និងអគាស្នាក់ការ ចំណាយថវិការអស់ប្រមាណជា៣៦១៦៨ដុល្លារ សហរដ្ឋអាមេរិក៕