ពលរដ្ឋ១១៧៧គ្រួសារ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ទទួលបានចង្ក្រានសន្សំសំចៃថាមពល ពីឯកឧត្តម ហួត ហាក់ និងឯកឧត្តម អ៊ុន ចាន់ដា

0

កំពង់ចាម: ឯកឧត្ដមរដ្ឋមន្ត្រី ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញប្រគល់ចង្ក្រានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋចំនួន ១១៧៧គ្រួសារ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា បានលេីកឡេីងថា រាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវការអភិវឌ្ឍ លេីកស្ទុយកម្រិតជីវភាព បូករួមទាំងសមិទ្ធផលដែលបងប្អូន បានប្រេីប្រាស់ជាក់ស្ដែងរួចហើយ មុនពេលបោះឆ្នោតគឺយើងមានផ្លូវកៅស៊ូមួយខ្សែពីខ្ពបតាងួន មកដល់ទួលសំបួរ ដែលផ្សាភ្ជាប់ពីតំបន់នេះទៅទីប្រជុំជន នៅតាមមាត់ទន្លេ និងតភ្ជាប់ជាមួយផ្លូវបេតុងមួយចំនួនទៀត ហើយនឹងកសាងផ្លូវគ្រួសក្រហម ពីអារក្សត្នោត តភ្ជាប់មកទួលសំបួរ បូករួមទាំងការកសាងស្ពានបេតុងមួយកន្លែងទៀតផង ។

ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានសង្កត់ធ្ងន់ថា ដេីម្បីផ្តល់ក្តីសង្ឃឹមបន្តទៀត គម្រោងយេីងបានលេីករួចហើយ នឹងមានការស្ថាបនាឆាប់ៗខាងមុខនេះ នូវផ្លូវកៅស៊ូ និងផ្លូវបេតុង តភ្ជាប់ពីតំបន់អារក្សត្នោត មកដល់ទីតាំងទួលសំបួរ ហើយនឹងការរៀបចំបន្ថែមនូវប្រព័ន្ធផ្លូវ ទាំងផ្លូវបេតុង និងផ្លូវកៅស៊ូ នៅក្នុងបរិវេណទីប្រជុំជន ដែលនៅសេសសល់ផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា មូលដ្ឋានទេសចរណ៍ គឺសន្តិភាព ព្រោះមានសន្តិភាព ទេីបមានទេសចរណ៍ ដោយកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» ព្រមជាមួយនឹងកេរ្តិ៍ឈ្មោះជាប្រទេសចំណាស់មួយនៅក្នុងពិភពលោក ដែលមានវប្បធម៌ដ៏សម្បូរបែប និងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល គួរជាទីប្រតិព័ទ្ធ និងចំណីអារម្មណ៍ដ៏ស្រស់ស្រាយ សម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ គ្រប់ជាតិសាសន៍ មកទស្សនាកម្សាន្ត ៕