បន្ទាយមានជ័យ៖ប្អូនៗកូនក្មួយ សិស្សានុសិស្សទាំងអស់ ត្រូវមានចំណង់ផ្ទាល់ខ្លួន ទើបការជ្រើសរើសយកជំនាញបានចំគោលដៅនឹងត្រឹមត្រូវនេះជាប្រសាសន៍លើកឡើងរបស់លោក យឹម សំណាង អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងការចុះពិនិត្យមើលការបង្រៀនជំនាញអគ្គិសនី នៅវិទ្យាល័យជប់វ៉ារី ស្ថិតនៅភូមិជប់វ៉ារី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។
គួបញ្ជាក់ថា៖សិក្ខាកាមដែលចូលរួមរៀនវគ្គបណ្ដុះបណ្ដាលបណ្ដុះបណ្ដាលនាពេលនេះមានប្រមាណជាង ៦០នាក់ ក្នុងនោះមានមេរៀនចំនួន ៤វគ្គ៖វគ្គទី ១,សុវត្ថិភាពការងារ ២,ការសង្គ្រោះបឋម ៣,សិក្សាអំពីឧបករណ៍និងសម្ភារៈអគ្គិសនី និងទី៤,ការប្រមូលផ្ដុំមេរៀនទាំងអស់។
លោក យឹម សំណាង បានមានប្រសាសន៍លើកឡើងថា៖ការចាប់យកជំនាញផ្នែកអគ្គិសនីនេះពិតជាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្អូនៗក្មួយៗសិស្សានុសិស្ស ដែលបានរៀននាពេលនេះ។ដូច្នេះហើយសូមព្យាយាមយកចិត្តទុកដាក់ស្ដាប់ និងខិតខំរៀនសូត្រដោយប្ដេជ្ញាចិត្តដើម្បីត្រៀមខ្លួនចាប់យកនៅមុខជំនាញឲ្យបានច្បាស់លាស់។ ជាពិសេស ត្រូវស្គាល់អោយច្បាស់ពីសម្ភារៈប្រើប្រាស់ផ្នែកអគ្គិសនី និងដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឲ្យបានច្រើនដើម្បីជួយដល់ជីវភាពគ្រួសារ ក៏ដូចជាសង្គមជាតិផងដែរ។
លោក អភិបាលរងខេត្ត បានបញ្ជាក់ថា៖ ដំណើរការបណ្ដុះបណ្ដាលជំនាញអគ្គិសនីដោយមានការផ្ដួចផ្ដើមគាំទ្រឧបត្ថម្ភពីឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ទើបអគារពហុបច្ចេកទេសបានចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលជំនាញអគ្គិសនីដល់យុវជនក្រៅសាលា និងសិស្សក្នុងសាលា រយៈពេលសិក្សា ៣ខែបញ្ចប់ផ្នែកជំនាញអគ្គិសនីនេះ។
ទន្ទឹមជាមួយគ្នានោះលោក យឹម សំណាង បានធ្វើការផ្ដាំផ្ញើប្អូនៗកូនក្មួយ សិស្សានុសិស្សទាំងអស់ ត្រូវមានចំណង់ផ្ទាល់ខ្លួន ទើបការជ្រើសរើសយកជំនាញបានចំគោលដៅនឹងត្រឹមត្រូវ។ការស្វែងយល់អំពីកត្តាជោគជ័យក្នុងការងារ និងមុខរបរ នឹងការយល់ដឹងអំពីលក្ខណសម្បត្តិរបស់បុគ្គលជោគជ័យ ក្នុងការរៀបចំអនាគតរបស់ខ្លួនឲ្យបានល្អប្រសើរ៕ដោយ៖ឃិន គន្ធា