មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បើកសន្និបាតបូកសរុប វាយតម្លៃការងារ ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥

0

ខេត្តប៉ៃលិន៖ ពិធីបើកសន្និបាតបូកសរុបវាយតម្លៃការងារឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥ ប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងមានការអញ្ជើញចូលរួមពីលោក រស់ នឿន អភិបាលរងខេត្ត ព្រមទាំងលោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការដៃគូ ប្រធាន-អនុប្រធានការិយាល័យអប់រំក្រុង-ស្រុក កងកម្លាំងទាំងបីប្រភេទ និងលោកគ្រូអ្នកគ្រូជាច្រើននាក់។

ថ្លែងក្នុងអង្គសន្និនបាតនាពេលនេះ ឯកឧត្តម កែវ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ បានសម្តែងនូវការអបអរសាទរ និងការកោតសរសើរដ៏ស្មោះចំពោះភាគីពាក់ព័ន្ធទាំងអស់ទាំងគ្រឹះស្ថានសិក្សាសាធារណៈ ឯកជនដែលបានខិតខំរួមគ្នា បំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការកៀរគរការគ្រប់គ្រងនិងការបែងចែកធនធាន ដើម្បីពង្រឹងគុណភាពនិងពង្រីកវិសាលភាពនៃការបង្រៀន ការបណ្តុះបណ្តាលជំនាញ ស្របទៅនឹងតម្រូវការនៃវិស័យសាធារណៈ ការពង្រឹងពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររវាងរដ្ឋឯកជនសំដៅចូលរួមដោះស្រាយបញ្ហាកង្វះ ចំណេះ ជំនាញក្នុងរយៈពេលកន្លងមក។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា  តាមរយៈកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំដើរតួយ៉ាងសំខាន់ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព បានកំណត់យកអាទិភាពគន្លឹះ៥គឺ មនុស្ស  ផ្លូវ ទឹក  ភ្លើង  និងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាឌីជីថលសម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជាក៏ដូចជាឆ្លើយតប នឹងតម្រូវការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីអប់រំ និងបុគ្គលិកអប់រំ ព្រមទាំងសហគមន៍ជាតិ អន្តរជាតិ និងសប្បុរសជន ដែលបានខិតខំបំពេញការងារដោយសហការគ្នា និងជួយឧបត្ថម្ភគ្នា ក្នុងការកសាង និងអភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡាខេត្ត ប្រកបដោយជោគជ័យនាឆ្នាំសិក្សាកន្លងមក និងសូមបន្តផ្តល់ការឧបត្ថម្ភគាំទ្រ និងសហការជាមួយគ្នាទៅមុខទៀត ដើម្បីប្រែក្លាយទិសដៅការងារឆ្នាំសិក្សាថ្មីឱ្យទៅជាផែនការសកម្មភាព និងជាកម្មវិធីអនុវត្តជាក់ស្តែងប្រកបដោយលទ្ធផលល្អប្រសើរតាមការរំពឹងទុករបស់អង្គសន្និបាត។

បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យថា៖ ក្នុងឆ្នាំសិក្សា២០២៤-២០២៥របស់វិស័យអប់រំនៅក្នុងខេត្តប៉ៃលិន មានគ្រឹះស្ថានសិក្សាទូទាំងខេត្តបានដំណើរការរៀនបង្រៀន ដែលគ្រឹះស្ថានមធ្យមសិក្សាសាធារណៈចំនួន១០កន្លែង ក្នុងនោះវិទ្យាល័យចំនួន៣ និងអនុ វិទ្យាល័យចំនួន៦ ដែលមានសិស្សសរុប ៥.៨៥៩នាក់ ស្រី ៣.១៩៧ នាក់ និងគ្រឹះស្ថានមធ្យមសិក្សាឯកជនចំនួន ១កន្លែងកម្រិតអនុវិទ្យាល័យ ដែលមានសិស្សសរុប ៩៨នាក់ ស្រី ៦១នាក់។ ដោយឡែកគ្រឹះស្ថានបឋមសិក្សាសាធារណៈចំនួន  ៥៣សាលា មានសិស្សសរុប ១៦.១៩៥នាក់ ស្រី ៥.៣០៥នាក់ (ក្នុងនោះសិស្សគ្រប់អាយុបានចុះឈ្មោះចូលរៀនថ្នាក់ទី ១ចំនួន ១.៣៩៩នាក់ ស្រី ៦៨២នាក់)។ មត្តេយ្យសិក្សាសាធារណៈចំនួន ២៥សាលា ដែលមានសិស្សចុះឈ្មោះចូលរៀនថ្មីសរុប ៤៨១នាក់ ស្រី ២៤៤នាក់ ជាមត្តេយ្យធនធានដាច់ដោយឡែក ២ សាលា។ ក្នុងនោះត្តេយ្យសិក្សាសហគមន៍១២កន្លែងដែលមានសិស្សចូលរៀនថ្មីសរុប១១៧នាក់ស្រី៦៧នាក់។

អត្ថបទ៖ ភ្នំខៀវ ប៉ៃលិន