ខេត្តព្រះសីហនុទទួលបានវិញ្ញាបនបត្រ័សំគាល់ម្ចាស់អចលនះវត្ថុកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ។ ឯកឧត្តម ឈិត សុខុន បានមានប្រសាន៌សំណេះសំណាលជាមួយប្រជាពលរដ្ឋ
គូសបញ្ជាក់ថាការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធគឺពិតជាមានសារៈប្រយោជន៍ដ៏សំខាន់ ដល់ការគ្រប់គ្រងដីធ្លីនិងការងាររៀបចំដែនដី គឺជាចំណុចគ្រឹះដល់ការអភិវឌ្ឍន៍ខេត្តទាំងមូល ក៏ដូចជាការចូលរួមក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកំណត់អោយបានច្បាស់លាស់កុំអោយមានទំនាស់ដីធ្លី រវាងដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ និងដីសាធារណៈរបស់រដ្ឋ ជាពិសេសដីផ្លូវ ដីបរិស្ថាន ដីព្រៃឈើ និងដីដទៃផ្សេងៗទៀត ។
ឯកឧត្តមក៏បានបន្តទៀតថាក្រោយពីទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់នេះ បងប្អូនប្រជាពលរដ្ឋអាចយកទៅប្រើប្រាស់ និងពង្រីកមុខរបរទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ប៉ុន្តែសូមកុំយកប្លង់ដីទៅដាក់យកប្រាក់មកចាយវាយដោយមិនមានការចាំបាច់ នាំអោយខាតបង់ផលប្រយោជន៍ក្នុងគ្រួសារ ដោយសារយើងម្នាក់ៗមិនបានគិតគូ ប្រុងប្រយ័ត្នអោយបានត្រឹមត្រូវ។
លោក ហ៊ុន ភី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តព្រះសីហនុបានបញ្ជាក់ថាភូមិ៣ និងភូមិ៤ គឺជាភូមិដំបូងក្នុងចំណោមភូមិទាំង៤ របស់ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមន្ត្រីសូរិយោដីបានធ្វើពិធីប្រជុំផ្សព្វផ្សាយចែកវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុមានចំនួន 778ក្បាលដី ក្នុងចំណោមក្បាលដីសរុបចំនួន 845ក្បាលដី បន្ទាប់ពីបានប្រជុំផ្សព្វផ្សាយទិន្នន័យរយៈពេល1ខែ កាលពីថ្ងៃទី06 ខែមីនា ដល់ថ្ងៃទី5 ខែមេសាឆ្នាំ2014 ដើម្បីអោយម្ចាស់ក្បាលដីទាំងអស់មកត្រួតពិនិត្យកែតំរូវ តវ៉ាដើម្បីឈានដល់ការចេញប័ណ្ណ និងចែកប័ណ្ណជូន
ប្រជាពលរដ្ឋថ្ងៃនេះ គឺគណកម្មការរដ្ឋបាលដីធ្លីនិងផ្នែកជំនាញបានអនុវត្តតាមនីតិវិធីទាំងស្រុង តាមអនុក្រិត្យលេខ៤6 អនក្របក ចុះថ្ងៃទី31 ខែឧសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាលនិងសេចក្តីណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់ដោយដំណើរការតាមជំហ៊ានទាំង៥ គឺការរៀបចំកំណត់តំបន់វិនិច្ឆ័យប្រតិបត្តិតាមការងារបច្ចេកទេស ការបិទផ្សាយទិន្នន័យជាសាធារណៈរយៈពេល1ខែ ការសំរេចលើឯកសារការចេញប័ណ្ណនិងការចែកប័ណ្ណជូនប្រជាពលរដ្ឋទទួលបានជោគជ័យនាពេលនេះ ។
លោក ហ៊ុន ភី បានបញ្ជាក់ទៀតថា នៅចុងសប្តាហ៌ទី៣ នៃខែវិច្ឆិកា ឆ្នាំ២០១៤ខាងមុខនេះ មន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុ និងចេញបណ្ណ័អចលនះវត្ថុជូនប្រជាពលរដ្ឋនៅភូមិ៣ និងភូមិ៤ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុបន្តទៀត ។សូមបញ្ជាក់ថា ការចែកវិញ្ញាបនប័ត្រមានរយៈពេល 06ថ្ងៃ គឺចាប់ពីថ្ងៃផ្សព្វផ្សាយរហូតដល់ថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ២០១៤ សូមបងប្អូនម្ចាស់អចលនៈវត្ថុទាំងអស់មកទទួលយកបណ្ណ័អោយបានរួសរាន់ ៕