ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានរងរបួសធ្ងន់ធ្ងរ ដោយសារយុវជនម្នាក់នេះជិះម៉ូតូ សេ ១២៥ មួយគ្រឿង ហើយត្រូវបុរសម្នាក់បើកបររថយន្តឡិចស៊ីស RX 300 មួយគ្រឿង ក្នុងល្បឿនលឿនជ្រុលបុក ម៉ូតូពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១ នឹង ២០ នាទីឈានចូលថ្ងៃទី ១០ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិតចំណុចជាប់របងស្ថានទូតចិន តាមបណ្តោយផ្លូវម៉ៅសេទង់ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះជិះម៉ូតូ សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1M 7714 ជិះធ្វើដំណើរតាមផ្លូវម៉ៅសេទុង ទិសដៅលិចទៅកើត យ៉ាងលឿន លុះដល់ចំណុចកែងផ្លូវលេខ ១៧៣ ខាងលើនេះក៏ត្រូវបុរសម្នាក់បើកបររថយន្តឡិចស៊ីស RX 300 ខ្មៅ ក្នុងល្បឿនលឿនទិសដៅបញ្ជ្រាសទិសគ្នាជាមួយម៉ូតូ ហើយរថយន្តឡិចស៊ីស បានទាញចង្កូត
បត់ខាងឆ្វេង ក៏បណ្តាលឲ្យជ្រុលល្បឿនបុកម៉ូតូសេ ១២៥ យ៉ាងពេញ ទំហឹង នឹងកិនម៉ូតូរងការខូចខាតទាំងស្រុងរួចរថយន្តបង្កហេតុ បានបន្ថែមល្បឿនបើក គេចខ្លួនបាត់ស្រមោលឈឺង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកសម្របសម្រួលរវាងភាគីទាំង ២ ហើយបានណែនាំ ឲ្យជនរងគ្រោះទៅដាក់ពាក្យនៅទីស្នាក់ការនគរបាលរដ្ឋបាល ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវតាមចាប់ រថយន្តបង្កហេតុយកមកដោះស្រាយតាមផ្លូវច្បាប់៕