អាជ្ញាធរនិងពលរដ្ឋខេត្តកំពតថ្លែងអំណរគុណរាជរដ្ឋាភិបាលដែលយកចិត្តទុកដាក់អភិវឌ្ឍមូលដ្ឋាន

0

ខេត្តកំពត: អាជ្ញាធរ និងប្រជាពលរដ្ឋក្រុងកំពតថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានដាក់ចុះនូវគោលនយោបាយដ៏ត្រឹមត្រូវ ធ្វើអោយគ្រប់មូលដ្ឋាននៅទូទាំងប្រទេស និយាយដោយឡែកខេត្តកំពត មានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ទន្ទឹមនឹងនោះពួកគាត់ក៏បានសម្ដែងការពេញចិត្ត និងការគាំទ្រចំពោះថ្នាក់ដឹកនាំខេត្តដែលតែងតែផ្ដល់ភាពកក់ក្តៅដល់ពលរដ្ឋគ្រប់មូលដ្ឋាន។

នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញបើកការដ្ឋានជួសជុល និងអ៊ុតកៅស៊ូ អេស៊ី ផ្លូវមាត់ព្រែកកំពងផបាយ ចាប់ពីចំណុចគល់ស្ពានថ្មីរហូតដល់រូបសំណាកត្រីផ្សោត និងផ្លូវកាត់ទទឹង ផ្លូវមាត់ព្រែកជាច្រើនខ្សែទៀត។

ចៅសង្កាត់កំពង់បាយ ក្រុងកំពត លោក ងួន សារឿន បានលើកឡើងថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តមម៉ៅ ធនិន  លោកតែងតែយកចិត្តទុកដាក់លើការងារថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍នៅគ្រប់មូលដ្ឋាន។ ជាក់ស្ដែងថ្ងៃនេះឯកឧត្តមក៏បានអញ្ជើញបើកការដ្ឋានជួសជុល និងអ៊ុតកៅស៊ូ អេស៊ី ផ្លូវមាត់ព្រែកកំពង់បាយ និងផ្លូវកាត់ទទឹងផ្លូវមាត់ព្រែក ជាច្រើនខ្សែរទៀត។

ចំណែកប្រជាពលរដ្ឋដែលជាអាជីវករ ម្ចាស់អាហារដ្ឋាន និងផ្ទះសំណាក់ក្នុងក្រុងកំពត បានបង្ហាញមោទនភាព ចំពោះប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ឯកឧត្តមអភិបាលខេត្តកំពត ដែលបានខិតខំអភិវឌ្ឍខេត្ត ឲ្យកាន់តែរីកចម្រើន និងមានភាពទាក់ទាញភ្ញៀវទេសចរច្រើនឡើងៗ ធ្វើឲ្យមុខរបររបស់ពួកគាត់ កាន់តែប្រសើរជាលំដាប់។

បើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត នៅពេលខាងមុខដ៏ខ្លីនេះ សមិទ្ធផលជាច្រើនរបស់ខេត្តកំពត និងលេចចេញរូបរាងជាបន្តបន្ទាប់ ពិសេសហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក និងផ្លូវទឹក ខណៈដែលផ្លូវដែកកំពុងតែសកម្មនៅក្នុងការដឹកជញ្ជូនទំនិញ នឹងភ្ញៀវទេសចរ( កំពត-ភ្នំពេញ និងកំពត-កំពង់សោម) ៕ សេង ណារិទ្ធ