ខេត្តកំពត: មេឃុំ ចៅសង្កាត់នៅខេត្តកំពតបានបញ្ជាក់ថា មន្ត្រីនៅថ្នាក់មូលដ្ឋានមានតួននាទីសំខាន់ ក្នុងការផ្តល់នូវភាពកក់ក្តៅអចិន្ត្រៃយ៍ជូនដល់ពលរដ្ឋរបស់ខ្លួន តាមរយៈការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ការឆ្លើយតបសំណើ សំណូមពរ និងតម្រូវចាំបាច់ជាដើម។ មន្ត្រីមូលដ្ឋានជាអ្នកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ។ តាមរយៈប្រសិទ្ធភាពការងារ៥អាណត្តិមកនេះ ស្រុកនិងខេត្តមួយមានភាពរីកចម្រើន គឺត្រូវផ្តើមចេញពីភូមិនិងឃុំជាមុនសិន។
លោក ស៊ីវ យុត ចៅសង្កត់ក្រាំងអំពិល ក្រុងកំពត បានលើកឡើងនៅព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៥ នេះថា ផ្តើមចេញពីការដឹកនាំប្រទេស តាមរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត នៅស្ថានប័នថ្នាក់ក្រោមជាតិ ឃុំសង្កាត់ជានិតិបុគ្គលមួយ មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន។ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្គាត់ ៥អាណត្តិមកនេះបានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះឲ្យអនុវត្ត បាននិងកំពុងស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវ ធ្វើឲ្យមូលដ្ឋានមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ប្រជាពលរដ្ឋពោពេញដោយភាពសុខដុមរមនា។
ចំណែកចៅសង្កាត់ត្រពាំងព្រីង ស្រុកទឺកឈូ លោក សំ ប៉ិច ក៏បានបញ្ជាក់នៅព្រឹកថ្ងៃដដែលនេះថា នៅមូលដ្ឋានរបស់លោកមានភាពល្អប្រសើរ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។ ឃុំទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល ៣ឆ្នាំជាប់ៗ ហើយភាពល្អប្រសើរនៅក្នុងមូលដ្ឋាននេះហើយ ដែលញ៉ាំងឲ្យស្រុក ខេត្តរីកចម្រើន ហើយប្រទេសនឹងក្លាយជាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ទុក។
ពលរដ្ឋរស់នៅភូមិត្រពាំងព្រីងបានសម្តែងការពេញចិត្តចំពោះគោលនយោបាយដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល ពិសេសពេញចិត្តចំពោះមន្ត្រីអាជ្ញាធរមូលដ្ឋានដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានឲ្យរីកចម្រើនជាបន្តបន្ទាប់។
សូមជម្រាបដែរថា ខេត្តកំពតមាន ២ក្រុង ៧ស្រុក ៩៣ឃុំសង្កាត់ និង ៤៩១ភូមិ មានប្រជាពលរដ្ឋសរុបជាង៧០ម៉ឺនាក់ ទំហំសេដ្ឋកិច្ច ឆ្នាំ២០២៣ ស្មើ ១ ៤០០លានដុល្លាអាមេរិក ដែលមានកំណើនសេដ្ឋកិច្ច៧,៩ភាគរយ និងមានចំណូលសម្រាប់មនុស្សម្នាក់ ១ ៨២៥ ដុល្លាអាមេរិក ៕ សេង ណារិទ្ធ