គ្រឹះស្ថានសិក្សាចំនួន១១ ក្នុងខេត្តកំពង់ធំ ទទួលបានជ័យលាភីជាសាលារៀនគំរូ ក្នុងឆ្នាំសិក្សា២០២៣-២០២៤

0

(កំពង់ធំ)÷ យោងតាមសេចក្ដីប្រកាសលេខ២៩៩ អយក.ប្រក ស្ដីពី ការទទួលជ័យលាភីសាលារៀនគំរូ ឆ្នាំសិក្សា២០២៣-២០២៤ សម្រាប់សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤និងទិសដៅឆ្នាំសិក្សា២០២៤-២០២៥ ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានសិក្សាចំនួន១១ ក្នុងខេត្តកំពង់ធំ បានទទួលជ័យលាភីជាសាលារៀនគំរូ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ អមដោយថវិកាចំនួន៥,០០០,០០០៛(ប្រាំលានរៀន)។

សូមជម្រាបជូនផងដែរថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តនូវស្តង់ដាសាលារៀនគំរូ ចាប់ពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅដើមនីតិកាលទី៧ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់នៅទូទាំងប្រទេសចាប់ផ្ដើមមានការប្រកួតប្រជែង ដើម្បីដណ្ដើមយកពានរង្វាន់។

ជាមួយគ្នានេះ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ក្នុងខេត្តកំពង់ធំ ដោយមានការដឹកនាំ និងចង្អុលបង្ហាញផ្ទាល់ពីលោកតាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំក្រុមការងារចម្រុះ ដើម្បីចុះផ្សព្វផ្សាយ ណែនាំពីសូចនាករគន្លឹះ និងលម្អិតរបស់ស្តង់សាលារៀនគំរូ និងយន្តការនានាសម្រាប់អនុវត្តប្រកបដោយប្រសិទ្ធភាព ជូនដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធ ជាច្រើនដំណាក់កាល ។

ជាមួយនឹងការចូលរួម ការខិតខំប្រែងប្រែង មិនខ្លាចលំបាក និងការនឿយហត់ របស់អជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អង្គការដៃគូ សប្បុរសជន សហគមន៍ និងគ្រប់អ្នកពាក់ព័ន្ធ គ្រឹះស្ថានជាច្រើនក្នុងខេត្តកំពង់ធំ បានប្រែមុខមាត់ មានការរីកចម្រើនគួរជាទីមោទនៈ។

ក្រោយពីឆ្លងកាត់ការវាយតម្លៃ កែល្អ និងផ្ដល់អនុសាសន៍ជាច្រើនលើកច្រើនសារ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងឆ្លងកាត់ការវាយតម្លៃសម្រេចរបស់ក្រសួងអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំទទួលបានលទ្ធផល ដោយសាលារៀនចំនួន១១បានទទួលជ័យលាភីជាសាលារៀនគំរូ នៅក្របខ័ណ្ឌទូទាំងប្រទេស ក្នុងនោះមាន៖ មត្តេយ្យសិក្សាធនធានចំនួន០៣ គឺមត្តេយ្យសិក្សាធនធានព្រះនាងក្នុងស្រុកស្ទោង មត្តេយ្យសិក្សាធនធានថ្នាល់បែក ក្នុងស្រុកកំពង់ស្វាយ និងមត្តេយ្យសិក្សាធនធានកំពង់ធំក្រុង ក្នុងក្រុងស្ទឹងសែន ។ សាលាបឋមសិក្សាចំនួន០៤ គឺ បឋមសិក្សាក្អិន បឋមសិក្សានាងនយ ក្នុងស្រុកស្ទោង បឋមសិក្សាតាំងក្រសាំង ក្នុងស្រុកសន្ទុក និងបឋមសិក្សាត្រពាំងអារក្ស ក្នុងស្រុកកំពង់ស្វាយ។ សាលាមធ្យមសិក្សាចំនួន០៤ គឺ វិទ្យាល័យកំពង់ធំ វិទ្យាល័យហ៊ុន សែនបល្ល័ង្ក ក្នុងក្រុងស្ទឹងសែន វិទ្យាល័យហ៊ុន សែនក្រវ៉ា ក្នុងស្រុកបារាយណ៍ និងវិទ្យាល័យកំពង់ថ្ម ក្នុងស្រុកសន្ទុក៕វេហាស៍