ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ថ្លែងថា តាមការពិនិត្យជាក់ស្តែង ប្រជាពលរដ្ឋនៅភូមិអូរក្រសារ និងភូមិដទៃទៀត នៅក្នុងសង្កាត់អូរក្រសារ និងសង្កាត់ព្រៃធំ ក្រុងកែប ឧស្សាហ៍ព្យាយាមក្នុងការដាំដំណាំកសិកម្មចម្រុះជាច្រើនមុខ ពោលមិនទុកដីឲ្យនៅទំនេរចោលនោះទេ ក្រៅពីដំណាំវិលជុំទាំងនោះ កសិករយើងនៅមានលទ្ធភាពសាងសង់ ផ្ទះសំណាញ់ សម្រាប់ដាំបន្លែ សរីរាង្គ (Organic) ដែលនេះសបញ្ជាក់ពីកម្រិតជីវភាព របស់កសិរយើងតាមរយៈការខិតខំប្រឹងប្រែងរបស់ពួកគាត់។
លោកថ្លែងកោតសសើរដូចនេះ បន្ទាប់ពីអញ្ជើញចុះសួរសុខទុក្ខកសិករនៅភូមិអូរក្រសារ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រៅពីនោះឯកឧត្តម បានដឹកនាំក្រុមការងារពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យស្ថានភាពទឹកក្នុងទំបន់អូរក្រសារ និងពិនិត្យស្ថានភាពជួសជុលស្តារប្រឡាញទឹកមួយខ្សែ ដើម្បីបំពេញតម្រូវការទឹកពលរដ្ឋ និង បន្តចុះពិនិត្យទីតាំងដាំដំណាំរបស់កសិករបន្ថែមទៀត មានអំពៅ និងសណ្តែកគួរជាដើម។
ក្នុងការជួបសំណះសំណាលជាមួយពលរដ្ឋ ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្ត អោយប្រជាកសិករបង្កើនការដាំដុះបន្តទៀត ស្របពេលទំនប់ទឹកអូរក្រសារ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តផ្គតផ្គង់ទឹកតាមរយៈប្រឡាយបេតុងដែលយើងមានសម្រាប់ដំណាំវិលជុំទាំងនេះ។ បន្ថែមពីនោះឯកឧត្តម បន្តសំណូមពរអោយពលរដ្ឋ កុំទម្លាប់ដុតជញ្ជ្រាំងស្រូវ ការធ្វើដូចនេះមិនបានផ្តល់ផលចំណេញអ្វីនោះទេ ក្រៅពីធ្វើអោយខូចគុណភាពដី និងប៉ះពាល់បរិស្ថាន។
លោក នួន ខ្លួត ជាកសិករគម្រូមួយរូបនៅភូមិអូរក្រសារ បានអោយដឹងថា សព្វថ្ងៃលោកកំពុងដាំដំណាំចម្រុះប្រមាណ៦មុខ លើផ្ទៃដីជិត៣ហិចតា មានដំឡូង ឪឡឹក បន្លែសរីរាង្គ ជាដើម តាមរយៈរបរកសិកម្មនេះ លោកអាចសល់ថវិការចន្លោះពី ៨ពាន់ដុល្លា ទៅ១ម៉ឺន ក្នុងមួយឆ្នាំៗ។ លោកបញ្ជាក់ថា ក្នុងចំណោមដំណាំទាំង៦មុខនោះ លោកកំពុងប្រមូលផល ពោត បណ្តើរៗហើយដែរ ខណៈតម្លៃពោតបច្ចប្បន្នមានតម្លៃទាបបំផុត១,១០០រៀល ក្នុងមួយគ.ក លោកចាត់ទុកនេះជាតម្លៃសមរម្យអាចទទួលយកបាន រីឯបញ្ហាទឹកវិញ លោកមិនបានដាក់ការព្រួយបារម្ភពេកនោះទេ។
ក្រៅពីនោះលោកថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ជាពិសេសមន្ទីរជំនាញ ដែលបានគិតគូរសុខទុក្ខពលរដ្ឋ ពិសេសការបម្រុងទឹកបានគ្រប់គ្រាន់សម្រាប់អោយពួកគាត់ដាំដំណាំបន្ទាប់ពីច្រូតកាត់រួច៕ សេង ណារិទ្ធ