​យុវជន​២​នាក់​ជិះ​ម៉ូតូ​រត់គេច​ពី​យុវជន​មួយក្រុម​ជ្រុល​បុក​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​បោក​ផ្ទប់​បាក់ក​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

0

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​និង​ម្នាក់ទៀត​របួសធ្ងន់ បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន​មួយគ្រឿង រត់គេច​ពី​ការ​តាម​ដេញ​របស់​ក្មេងស្ទាវ​មួយក្រុម​មិនដឹងថា​តាម​ដេញ​វាយ​ឬ​តាម​ប្លន់​យក​ម៉ូតូ បណ្ដាលអោយ​យុវជន​ទាំង​២​នាក់​នោះ​ជិះ​ម៉ូតូ​ទៅបុក​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​ចំ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​យប់​ថ្ងៃទី​៩​ខែ​មិនា​ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវ​បេតុង ស្ថិតក្នុង​ក្រុមទី​៩​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ យុវជន​រងគ្រោះ​ព្រមទាំង​មិត្ត​ភ័ក្តិ​៣​ទៅ​៤​នាក់​បាន​ចេញពី​រាំលេង​ក្នុង​ក្លិប​មួយកន្លែង ដោយ​ជនរងគ្រោះ​បានធ្វើ​ដំណើរ​ជូន​នារី​ម្នាក់​ត្រឡប់ទៅផ្ទះ​។ ពេល​ជូន​នារី​នោះ​ដល់ផ្ទះ​ហើយក៏​ជិះ​មកវិញ​ក៏មាន​ក្រុមក្មេងស្ទាវ​មួយក្រុម​ជិះ​ដេញ ឃើញ​ដូច​នោះ​ជនរងគ្រោះ​មានការ​ភិតភ័យ​ក៏បាន​ជិះ​ម៉ូតូ​រត់ ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​និង​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុចកើតហេតុ​ខាងលើ បណ្ដាលអោយ​យុវជន​ម្នាក់​បោក​ផ្ទប់​និង​ជញ្ជាំង​បាក់ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវបញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ភ្លាមៗ​ផងដែរ​។

ចំណែក​យុវជន​មួយក្រុម​ដែល​ជិះ​ម៉ូតូ​ដេញ​នោះ​ក្រោយពេល​កើតហេតុ​ក៏បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​។​ ​ប្រភពព័ត៌មាន​ពី​មិត្ត​ភ័ក្តិ​ជនរងគ្រោះ​បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ផុន ពិសិដ្ឋ អាយុ​២១​ឆ្នាំ​ជា​កម្មករ​រោងចក្រ​មួយកន្លែង មាន​ទីលំនៅ​ក្រោយ​វត្ត​នួន​មុនី ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំណែក​យុវជន​ម្នាក់ទៀត​ឈ្មោះ ជា រងរបួស​ធ្ងន់​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ពួកគេ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​អាយ​ខុន ពណ៌​សលាយ​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ្នំពេញ 1U-6625 បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ពិនិត្យ​និង​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ចំណែក​សព​កំពុង​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕Image1 Image2