ខេត្តព្រះសីហនុ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងមនុស្សចំនួន០៥ នាក់ផ្សេងទៀតរងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៨៥ ១៨៦ កាលពីវេលាម៉ោង៣ និង៤០នាទីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិត្រពាំងស្អុយ ឃុំអណ្តូង
ថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងឪកាសពិធីបុណ្យអំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកថ្ងៃទី១។
តាមការឪ្យដឹងពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុថា មុនដំបូងគេឃើញរថយន្តធុនធំ ម៉ាកនីសាន់ផ្ទុកកុងតឺនរ័ម៉ាកនីសាន់ ឌីស្សែលក្បាលពណ៌ខៀវ លាយបៃតង និងលៀងពាក់ស្លាកលេខភ្នំពេញ 4A 1484 របស់ក្រុមហ៊ុន ផែស្ងួតអ៊ុយញុង បើកបរក្នុងទិសដៅពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ បើកបរដោយឈ្មោះ បេ ភឿក ភេទប្រុស មានស្រុកកំណើតនៅខេត្តកំពង់ស្ពី បានរត់គេចខ្លួនបាត់ ។ ចំណែករថយន្តរងគ្រោះម៉ាកTOYOTA តាកូម៉ា ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ 2L 1483 បើកបរដោយឈ្មោះ ហេង ប៊ុនថា អាយុ២៧ឆ្នាំមុខរបរលក់គ្រឿងសំណង់ ក្នុងឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រថយន្តទាំងពីរគ្រឿងបានធ្វើដំណើរស្របគ្នា ។
ដោយរថយន្តបង្ករផ្ទុកកុងតឺនរ័បើកបរយ៉ាងលឿនបុករថយន្តតាកូម៉ាពីក្រោយយ៉ាងពេញទំហឹង បណ្តាលឪ្យមានមនុស្សម្នាក់បានស្លាប់ និង០៥នាក់ផ្សេងទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនយកទៅសំរាកព្យាបាលនៅគ្លឺនិកឯកជន ។
ជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរខាងលើរួមមាន ទី១ មានឈ្មោះ ជ័យ សុផល ភេទប្រុស អាយុ១៨ ឆ្នាំជិះលើរថយន្តផ្នែកខាងក្រោយបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ទី២ ឈ្មោះ ស្រៀង ជឿន ភេទស្រី អាយុ ៣០ឆ្នាំ របួសធ្ងន់ ទី៣ ឈ្មោះ ផុន និច ភេទស្រី អាយុ១៧ឆ្នាំ រងរបួសធ្ងន់ ទី៤ ឈ្មោះ សយ យ៉ាន ភេទស្រី អាយុ ៥៥ឆ្នាំ រងរបួសធ្ងន់ និងទី៥ ឈ្មោះ ឆេង លី ភេទស្រី អាយុ៨ឆ្នាំ របួសធ្ងន់ ។
បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងត្រូវនាំយកមករក្សាទុកនៅអធិការដ្ឋានស្រុកព្រៃនប់ ដើម្បីរង់ចាំធ្វើការដោះស្រាយ ។ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឪ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕