កិច្ចប្រជុំគណៈបញ្ជាការឯកភាព ប្រចាំខែមករា ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត

0

ខេត្តកែប: នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាព រដ្ឋបាលខេត្តកែប បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកែប ប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត អភិបាល ក្រុង ស្រុក កងកម្លាំងទាំង៣ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានជំរុញអោយអាជ្ញាធរមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់លើការចុះបង្រ្កាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ រួមទាំងការបង្ក្រាបការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ការកាប់ទន្ទ្រានយកដីព្រៃ ដីឧទ្យាន ដីព្រៃលិចទឹក ត្រូវតែបង្ការទប់ស្កាត់អោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ដោយឡែក បញ្ហាអនាម័យបរិស្ថានក៏នៅតែបន្តយកចិត្តទុកដាក់ ដោយក្នុងនោះរដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំសណ្ដាប់ធ្នាប់អនាម័យ បរិស្ថាន  នៅតាមទីប្រជុំជន តំបន់ទេសចរណ៍របស់ខ្លួន ក៏ដូចជាការរៀបចំកន្លែងលក់ដូរ សណ្ដាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយជាប់ជាប្រចាំ ។

ក្រៅពីនេះ ឯកឧត្តមបណ្ឌិត ក៏បានណែនាំបន្ថែម ដល់មន្ត្រីមានសមត្ថកិច្ច អាជ្ញាធរដែនដី មន្ត្រីរាជការ សូមអនុវត្តតាម សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ លេខ ០៧៤ ស.ណ.ន ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ស្តីពី ការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីរួមចំណែកពង្រឹងសុខសន្តិភាព និងស្ថិរភាពនយោបាយ បម្រើអោយវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ព្រមទាំងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ៕ សេង ណារិទ្ធ