ផ្លូវកៅស៊ូ១ខ្សែ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ស្ថិតក្នុងឃុំបន្ទាយមាសខាងកើត ចាប់បើកការដ្ឋានសាងសង់នៅថ្ងៃនេះ

0

ខេត្តកំពត៖ ផ្លូវកៅស៊ូ១ខ្សែ ប្រវែង៣,០០០ម៉ែត្រ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិព្រៃបន្ទាំ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំំពត ត្រូវបានបើកការដ្ឋានសាងសង់ក្រាលកៅស៊ូពីរជាន់(DBST) ដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមកិច្ចសម្របសម្រួលរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួង ជាពិសេស ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សូមចូលរួមអបអរសាទរ និងសប្បាយរីករាយជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋាននេះ ចំពោះការទទួលបានសមិទ្ធផលថ្មី បន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ នូវផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០១ខ្សែ ប្រវែង ៣០០០ម ទទឹង៧ម  ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសសងខាង(ម្ខាងៗ ០,៥ម កម្រាស់ ០,២ម) ស្ថិតនៅភូមិព្រៃបន្ទាំទៅភូមិធ្នង់ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា រាជរដ្ឋភិបាលបច្ចុប្បន្នបាននឹងកំពុងបន្តខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យនិង បានដាក់ចេញនូវយុទ្ធសាស្ត្រ “បញ្ចកោណ” ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ៥គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ដោយឡែកពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍជនបទត្រង់មុំទី៣ នៃបញ្ចកោណទី៤ បានបញ្ជាក់ច្បាស់អំពីការលើកស្ទួយ និងលើកកម្ពស់ការអភិវឌ្ឍជនបទ តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាពិសេសការកសាងផ្លូវជនបទតភ្ជាប់ទៅកសិដ្ឋាន ផ្លូវខេត្ត និងផ្លូវជាតិ ឱ្យក្លាយទៅជាជនបទសមាហរណកម្ម ការកែលម្អលក្ខខណ្ឌជីវភាពរបស់សហគមន៍ជនបទ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍន៍សហគមន៍ជនបទ។

ជាមួយនឹងការលើកកម្រិតគុណភាពផ្លូវនេះ  សិស្សានុសិស្ស និងព្រះសង្ឃបានបង្ហាញសេចក្តីត្រេកអរ និងថ្លែងអំណរគុណដល់រាជរដ្ឋភិបាល និងក្រសួងពាក់ព័ន្ធ ដែលបានផ្តល់ផ្លូវកៅស៊ូងាយស្រួលធ្វើដំណើរ និងដឹកកសិផលផ្សេងៗ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ សូមចូលរួមសហការ ជាមួយក្រុមការងារ ដើម្បីធ្វើយ៉ាងណាឲ្យការងារស្ថាបនាឆាប់រួចរាល់ តាមផែនការគ្រោងទុក៕ សេង ណារិទ្ធ