កម្ពុជាទទួលបានកូនផ្សោតកើតថ្មីមួយក្បាលទៀត នៅអន្លង់ជ្រោយបន្ទាយ ខេត្តក្រចេះ !

0

ដោយ៖ឡុង សំបូរ
ខេត្តក្រចេះ៖ កូនផ្សោតដែលទើបកើតថ្មីមួយក្បាលបន្ថែមទៀត មានអាយុប្រមាណ ២ថ្ងៃ ត្រូវបានក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ប្រទះឃើញនៅវេលាម៉ោង ៣ និង២០នាទីរសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអន្លង់ជ្រោយបន្ទាយ ស្ថិតក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
កូនផ្សោតដែលទើបកើតថ្មីនេះ ត្រូវគេឃើញបានស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន ៨ក្បាលផ្សេងទៀត។ ហើយនេះ គឺជាកូនផ្សោតទី៣ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការអរគុណ ចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃរបស់កម្ពុជា។
ក្រសួងបានប្រកាសថា ប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣ ០១១ ៣៥៥ ៨៨៣ ០៩៩ ៧៩១ ៩១៩ ០៩២ ៩១៨ ១៤ ៤ និង ០១៧ ៨១៨ ៣៨២៕