ដោយ៖ឡុង សំបូរ
ខេត្តក្រចេះ៖ ប្រសាសន៍ណែនាំរបស់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាស ឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ចូលកាន់មុខតំណែង លោក គា ប៊ូ ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២ នៃក្របខណ្ឌមន្ត្រី
គ្រប់គ្រងរដ្ឋបាល ជាប្រធានមន្ទីរបរិស្ថានថ្មី ខេត្តក្រចេះ ជំនួសលោក ឆាយ ឌួងសាវុធ ដែលត្រូវទទួលភារកិច្ចថ្មី។ ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃមន្ទីរបរិស្ថានខេត្តក្រចេះ ពួតដៃគ្នាបន្តដំណើរលើផ្លូវតែមួយ ដើម្បីសម្រេចជោគជ័យថ្មីៗបន្ថែមទៀត ជូនប្រជាជន និងមាតុភូមិយើងទាំងអស់គ្នា ព្រមទាំងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ដើម្បីបង្កើនប្រសិទ្ធភាពលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន ការអប់រំផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានបរិស្ថាន និងការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំបន្ថែម ដល់មន្រ្តីបរិស្ថានទាំងអស់ ត្រូវមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងល្អ ពោល គឺសំដៅលុបបំបាត់ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរព ក្រមសីលធម៌ វិជ្ជាជីវៈមន្ត្រីរាជការ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានផ្តល់គន្លឹះ៣ជំហាន គឺការពារ ការពង្រីក និងការអភិវឌ្ឍ ដល់ប្រធានមន្ទីរបរិស្ថានថ្មី ខេត្តក្រចេះ ដើម្បីសម្រេចបានជោគជ័យ លើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ។
ឯកឧត្តម អ៊ាង សុផល្លែត បានបង្ហាញពីមោទនភាព ខណៈដែលឃើញខេត្តក្រចេះ មានភាពស្រស់ស្អាត នៅតាមដងផ្លូវគ្មានសំរាម សំណល់ប្លាស្ទិករាយប៉ាយ ហើយខេត្តក្រចេះមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅលើឆាកអន្តរជាតិ ព្រោះត្បិតខេត្តក្រចេះ មានសត្វផ្សោតទន្លេមេគង្គ និងមានរម្មណីយដ្ឋានទេសចរណ៍បែបធម្មជាតិ ផ្សារភ្ជាប់ប្រវត្តិសាស្រ្តជាច្រើនកន្លែង ថែមទៀតផង៕





































