អាជ្ញាធរខេត្តស្ទឹងត្រែង នឹងជួសជុល កែលម្អកំពង់ផែដ៏ចំណាស់ បន្សល់ពីសម័យអាណានិគមនិយមបារាំងសេស ដែលត្រូវបានគេមើលរំលង និងបោះបង់ចោលជាច្រើនឆ្នាំ ឱ្យល្អប្រសើរឡើងវិញ

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែងឯកឧត្តម សរ សុពុត្រា បានដឹកនាំមន្ត្រីក្រោមឱវាទ អាជ្ញាធរក្រុង រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យកំពង់ផែ(កំពង់សាឡាង)ដ៏ចំណាស់ បន្សល់ពីសម័យអាណានិគមនិយមបារាំងសេស មានអាយុកាលជិត ១សតវត្សន៍ ដែលត្រូវបានគេមើលរំលង និងបោះបង់ចោលជាច្រើនឆ្នាំ ឱ្យល្អប្រសើរឡើងវិញ។

គម្រោងជួសជុល និងកែលម្អនេះ ត្រូវបានឯកឧត្តមអភិបាលខេត្តចុះពិនិត្យ នៅថ្ងៃទី១១កុម្ភៈ២០២៥ ដើម្បីទុកជាប្រយោជន៍សាធារណៈ សម្បត្តិរួម ជាពិសេសសម្រាប់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ប្រើប្រាស់តាមតម្រូវការ ក្នុងការដឹកជញ្ជូនកសិផលនានា តាមផ្លូវទឹកពីទីជនបទដាច់ស្រយាល មកកាន់ទីប្រជុំជនខេត្ត និងប្រែក្លាយកំពង់ផែនេះ ឱ្យក្លាយជាទីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ជិះទូកកាយ៉ាក់កម្សាន្ត និងគយគន់ព្រះអាទិត្យហៀបអស្តង្គត រីឯប្រជាពលរដ្ឋក៏អាចស្រូបយកចំណូលពីវិស័យឧស្សាហកម្មគ្មានផ្សែងនេះ ផងដែរ។

កំពង់ផែដ៏ចំណាស់នេះ ត្រូវគេមើលឃើញថា បានរងការខូចខាតស្ទើរទាំងស្រុង និងត្រូវបានគេបោះបង់ចោលអស់រយៈកាលជាច្រើនឆ្នាំមកហើយ ប៉ុន្តែ ពេលនេះជាភ័ព្វសំណាងរបស់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ដែលមានថ្នាក់ដឹកនាំគំរូ ចូលខ្លួនមកបម្រើប្រជាពលរដ្ឋ ដោយក្តីស្មោះត្រង់ និងបានយកពេលវេលាដ៏មានតម្លៃ មកគិតគូអភិវឌ្ឍគ្រប់ជ្រុងជ្រោយ សម្រាប់ដែនដីរដ្ឋបាល នៃខេត្តភាគឦសានប្រទេសមួយនេះ។

ជុំវិញគម្រោងជួសជុល កែលម្អកំពង់ផែមួយនេះ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា មានប្រសាសន៍ថា គឺលោក«ចង់រក្សាសមិទ្ធិផលចាស់ ហើយនឹងកែលម្អសោភ័ណភាព ដែលស្របទៅនឹងគោលការណ៍ រក្សាចាស់ អភិវឌ្ឍន៍ថ្មី ,កែលម្អសោភ័ណភាពទីនេះឱ្យក្លាយទៅជាកន្លែង ដែលមានលក្ខណៈស្រស់ស្អាតឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលប្រារព្ធ នូវពិធីប្រពៃណីផ្សេងៗ ដូចជា បណ្តែតប្រទីបក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ,បង្កលក្ខណះងាយស្រួលដល់ប្រជាពលរដ្ឋ ដែលពួកគាត់បើកទូកមកដោះដូរទំនិញនៅទីនេះ និងប្រែក្លាយទីកន្លែងនេះឱ្យក្លាយជាកន្លែងទេសចរណ៍ នៅពេលដែលជួសជុល កែលម្អរួចរាល់»។ ចំពោះថវិកាដែលជួសជុលកំពង់ផែនេះ គឺមិនយកថវិកាជាតិមកចំណាយនោះទេ។

ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង លោកសរ គឹមណាត បានប្រាប់ឱ្យដឹងថា ផ្លូវកំពង់ផែ(កំពង់សាឡាង)ចាស់នេះ នឹងចាប់ផ្តើមជួសជុលនៅសប្តាហ៍ក្រោយ ក្នុងខែកុម្ភៈ២០២៥នេះហើយ។ លោកថា ផ្លូវនេះមានប្រវែង ១៣១ម៉ែត្រ មានផ្ទៃទទឹង ៦ម៉ែត្រ ហើយគ្រោងនឹងបញ្ចប់ការជួសជុល កែលម្អ នៅពេលប៉ុន្មានខែទៀតខាងមុខនេះ ។

ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បានសម្តែងការអរគុណ ចំពោះអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា ដែលបានគិតគូ និងយកចិត្តទុកដាក់ពីកត្តាជីវភាពពលរដ្ឋ សក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍សម្រាប់ខេត្តស្ទឹងត្រែង ជាពិសេសរបស់ដែលបាត់បង់ទៅហើយ អាចយកបានមកវិញ ដើម្បីទុកជាមរតករបស់ជាតិ និងប្រជាជន៕ ដោយ៖ឡុង សំបូរ