ភ្នំពេញមាឃបូជា គឺជាបុណ្យដ៏សំខាន់មួយ សម្រាប់បណ្ដាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា ដែលតែងតែប្រារព្ធធ្វើនៅក្នុងខែមាឃ (ជាខែទីបីរបស់ខ្មែរ)។
បុណ្យមាឃបូជា ត្រូវបានប្រារព្ធធ្វើក្នុងប្រទេសកម្ពុជា តាំងពីរជ្ជកាលព្រះអង្គដួង (ក្រុងឧត្ដុង្គ ព.ស ២៣៩៧ គ.ស ១៨៥៤) ហើយត្រូវបានរាជរដ្ឋាភិបាល កំណត់យកថ្ងៃពេញបូណ៌មី ខែមាឃ ជាថ្ងៃបុណ្យសម្រាប់ជាតិ ហៅថា (មាឃបូជា) តាំងពីរជ្ជកាលព្រះបាទ សម្តេចព្រះស៊ីសុវត្ថិមុនីវង្ស នោះមក។
បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំឭកដល់ព្រឹត្តិការណ៍ធំៗពីរ នៅក្នុងព្រះពុទ្ធសាសនា កាលដែលព្រះពុទ្ធគង់ព្រះជន្មនៅ ហើយជាប់ទាក់ទងជាមួយខែមាឃ។
ព្រឹត្តិការណ៍ទាំងពីរនោះ កើតឡើងនៅក្នុងខែមាឃដូចគ្នា ប៉ុន្តែខុសឆ្នាំ គឺ៖ ១-ការប្រជុំចតុរង្គសន្និបាទ និងសកម្មភាពផ្សេងៗកើតឡើងក្នុងថ្ងៃនោះ គឺប្រារព្ធនៅឧទ្យានវេឡុវ័ន ក្រុងរាជគ្រឹះ ក្រោយពេលត្រាស់ដឹងបាន ៩ខែ។ និង ២-ការដាក់អាយុសង្ខារ នៅថ្ងៃសុក្រ ពេញបូណ៌មី ខែមាឃ ឆ្នាំរោង នៅបាវាឡចេតិយ៍ ជិតក្រុងវេសាលី នៅនឹងមុខ មាររាធិរាជ ថា”ម្នាលមារមានចិត្តបាប អ្នកចូលខ្វល់ខ្វាយតិចចុះអំណឹះពីនេះទៅ ៣ខែទៀតតថាគត នឹងបរិនិព្វាន”។
ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។