អាជ្ញាស្រុកទឹកឈូអះអាងថា ការវាស់វែងចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធ នឹងត្រូវបិទបញ្ចប់នៅខែមេសាខាងមុខ

0

ខេត្តកំពត: អភិបាលស្រុកទឹកឈូ លោកអ៊ឹម ច័ន្ទសោធន បានឲ្យដឹងកាលពីរសៀលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៥ថា សម្រាប់ការវាស់វែងចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅស្រុកទឺកឈូ និងត្រូវបិទបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ដោយខាងជំនាញបាននិងកំពុងសម្រេចការងារចំនួន៤៤ភូមិដោយនៅសល់តែ១១ភូមិទៀតប៉ុណ្ណោះ ដែលក្រុមការងារនឹងត្រូវវាស់ ឲ្យរួចរាល់នៅដើមខែមេសាខាងមុខ។ លោកបានបញ្ជាក់ថា ដំណើរការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅក្នុងស្រុកទឺកឈូ មានភាពល្អប្រសើរ  ព្រោះអាជ្ញាធរ មន្ត្រីជំនាញ និងប្រជាពលរដ្ឋចូលរួមសហការគ្នាបានល្អ ហើយមកដល់ពេលនេះគ្មានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សំគាល់នោះទេ។

ប្រធានការរិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកទឹកឈូ លោក សេង ឃាង បានបញ្ជាក់ដែរថា ស្រុកទឹកឈូមានក្រុមការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួន៦ក្រុម ១ក្រុម ៥នាក់ ។ ហើយបច្ចុប្បន្នស្រុកបានធ្វើការបិទផ្សាយបន្ថែមចំនួន២ភូមិ ហើយបាននិងកំពុងចុះវាស់វែងចំនួន២ភូមិដែរ។

តាមមន្ត្រីជំនាញថា ស្រុកទឹកឈូមានឃុំចំនួន១៣ ស្មើ៥៥ភូមិ ដែលមានក្បាលដីប៉ានស្មានសរុបប្រមាណ៨ម៉ឺន៤ពាន់ក្បាលដី  បានចេញប័ណ្ណប្រគល់ជូនពលរដ្ឋចំនួន១៩ភូមិ ប្រមាណ២ម៉ឺនក្បាលដី ហើយបច្ចុប្បន្ន ក៏នៅតែបន្តចែកប័ណ្ណជូនពលរដ្ឋរាល់ថ្ងៃផងដែរ។ ហើយស្រុកទឹកឈូអាចជាស្រុកមួយ ដែលនឹងបិទបញ្ចប់ការចុះវាស់វែងមុនគេរបស់ខេត្តកំពត។

សូមបញ្ជាក់ថា បច្ចុប្បន្នអាជ្ញានិងផ្នែកជំនាញស្រុកទឹកឈូ បាននិងកំពុងខិតខំអនុវត្តន៍ការងារយ៉ាងសស្រាក់សស្រាំដើម្បីវាស់វែងដីធ្លីជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ហើយស្រុកទឹកឈូមានភូមិដែលមិនទាន់បានវាស់វែងចំនួន១១ភូមិ មានក្បាលដីប៉ាន់ស្មានប្រមាណ១ម៉ឺន៧ពាន់ក្បាលដី ហើយដើម្បីឆ្លើយតបទៅនឹងផែនការរបស់ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពត ក្រុមមន្ត្រីជំនាញប្តេជ្ញាចិត្តថា នឹងធ្វើការវាស់វែងអោយបានរួចរាល់នៅដើមខែមេសា ឆ្នាំ២០២៥ខាងមុខនេះ៕ សេង ណារិទ្ធ