ត្បូងឃ្មុំ: កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក និង
កម្លាំងផ្នែកសឹករងស្រុក បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងចំណុចការដ្ឋានកំពុងសាងសង់មួយកន្លែង នៅតំបន់ព្រំដែន ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ប្រតិបត្តិការនេះ បានធ្វើឡេីងនៅថ្ងៃទី១៣ និង១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងដោយមានការសម្របសម្រួលដឹកនាំនីតិវិធីពីលោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។
ជាលទ្ធផល បានចាប់ឃាត់ខ្លួនមនុស្ស ៧នាក់ ក្នុងនោះស្រី ១នាក់ និងវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនចំនួន ៣០កញ្ចប់ ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងថ្នាំញៀន ១គ្រឿង ថង់ផ្លាស្ទិកសម្រាប់វេចខ្ចប់ថ្នាំញៀន ឧបករណ៍សម្រាប់ប្រេីប្រាស់ថ្នាំញៀនមួយចំនួន មានទាំងកន្រ្តៃចំនួន ៥ដើម ដាវកែច្នៃចំនួន ១៤ដើម និងទូរស័ព្ទដៃចំនួន២គ្រឿងផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់ ៕





































