ខេត្តកំពត: កសិករចិញ្ចឹមសត្វទាយកស៊ុតលក់នៅស្រុកទឹកឈូម្នាក់បានបញ្ជាក់ថា របរចិញ្ចឹមទាយកស៊ុតលក់ ធ្វើឲ្យគាត់រីករាយយ៉ាងខ្លាំង ដោយសារការចិញ្ចឹមទទួលបានលទ្ធផលល្អ សត្វទាគ្មានជំងឺ ឬងាប់ ការប្រមូលស៊ុតបានច្រើន ស៊ុតធំ និងមានគុណភាព ហើយទីផ្សារល្អ ពិសេសមេទាអាចផ្តល់ស៊ុតរយៈយូរជាង២ឆ្នាំ។ខណៈដែលមន្ត្រីបច្ចេកទេសកសិកម្មថាការចិញ្ចឹមទារបស់កសិកររូបនោះ សាមញ្ញតែត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទាំងអស់។
កសិករចិញ្ចឹមសត្វទាយកស៊ុតលក់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត លោក សួន គៀត បានបញ្ជាក់នៅរសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៥ថា គាត់បានចិញ្ចឹមសត្វទាចំនួន៥ពាន់ក្បាល ហើយក្នុងមួយថ្ងៃ ជាធម្យមប្រមូលស៊ុតបានរង្វង់៣ពាន់គ្រាប់ សម្រាប់លក់ទៅម៉ូយនៅក្នុងឃុំ ផ្សារកំពត កំពង់ត្រាច និងខេត្តព្រះសីហនុ។ លោកបានបញ្ជាក់ថារយៈពេល៥ឆ្នាំមកនេះ លោកមានបទពិសោធន៍ និងមានភាពជឿជាក់លើការចិញ្ចឹមទា ឲ្យមានសុខភាពល្អ និងផលិតស៊ុតបានច្រើន និងយូរ លើសពី២ឆ្នាំ ជាក់ស្តែងទារបស់លោកបាននិងកំពុងផ្តល់ស៊ុតជាង៣ឆ្នាំហើយ ដែលធ្វើឲ្យគាត់ទទួលបានចំណូល៣០ម៉ឺនរៀលក្នុងមួយថ្ងៃ (ផាត់ការចំណាយផ្សេងៗរួច)។
កសិកររូបនោះបានបញ្ជាក់ថា កត្តាដែលធ្វើឲ្យការចិញ្ចឹមទារបស់គាត់ទទួលបានជោគជ័យ និងធានាថាគ្មានជំងឺ ឬងាប់ មានដូចជា៖ របបអាហារ(ការផ្តល់ចំណី និងអាហារធម្មជាតិ) អនាម័យក្នុងនឹងក្រៅទ្រង់ ទឹកស្អាត (ទឹកផឹក និងទឹកទាលេង) បរិយាកាសល្អ។
មន្ត្រីបច្ចេកទេសកសិកម្មឃុំ លោក ម៉ី ភារ៉ា បានបញ្ជាក់នៅរសៀលថ្ងៃដដែលថា លោកសប្បាយចិត្តដែលឃើញកសិករចិញ្ចឹមសត្វបានល្អលើកពីការរំពឹងទុក។ លោកបានបញ្ជាក់ថា ការចិញ្ចឹមទារបស់កសិករ សួន គៀត សាមញ្ញតែត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទាំងអស់ ហើយពលរដ្ឋចិញ្ចឹមទាផ្សេងទៀត គួរសិក្សាឬយកគំរូតាមគាត់។
មន្ត្រីបច្ចេកទេសកសិកម្មរូបនោះ ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ឲ្យងាកមកធ្វើកសិកម្មឲ្យបានច្រើន មិនថាចិញ្ចឹមសត្វ ឬដាំបន្លែទេ ហើយក្រុមមន្ត្រីបច្ចេកទេសកសិកម្មឃុំ នឹងនៅជួយផ្តល់ទាំងបច្ចេកទេស និងការសិក្សាទីផ្សារ ដើម្បីជំរុញជីវភាពបងប្អូនកសិករ និងការអភិវឌ្ឍន៍នៅមូលដ្ឋាន៕ សេង ណារិទ្ធ