សៀមរាប: នៅស្នាក់ការគណបក្សស្រុកស្រីស្នំខេត្តសៀមរាបថ្ងៃទី១៥ ខែកុម្ភៈនេះ ឯកឧត្តម លន់ សុធី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីស្នំបានអញ្ជើញដឹកនាំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។
ពិធីនេះ មានការចូលរួមពីអនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយមូលដ្ឋានស្រុក ឃុំ ភូមិ សរុប ១៥២រូប។
ឯកឧត្តម លន់ សុធី បានអានខ្លឹមសារទាំងស្រុង នៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្ធកាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន ៧មករា ដោយបានបង្ហាញនូវលទ្ធផលជោគជ័យសំខាន់ៗជាច្រើន ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ក្នុងការបំរើជាតិ និងមាតុភូមិ ពិសេសបានធ្វើការអកសាង និងអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើន។
ខ្លឹមសារនៃអង្គសន្និបាត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និង សមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល យកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា របស់គណបក្សឱ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។
អង្គសន្និបាត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ និងការគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេល ៤៦ឆ្នាំកន្លងមកនេះ ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ ព្រមទាំងអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល បន្តរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀត ក្នុងការកសាង និងការពារមាតុភូមិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏រុងរឿងលើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍ៕