ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈកម្មាធិការគណបក្សខេត្ត និងផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា

0

(ខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈកម្មាធិការគណបក្សខេត្ត និងផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ជូនមន្ត្រីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង លើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំរបស់គណបក្ស ដែលប្រកាន់យកការការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជនជាធំ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្នាក់ការកណ្តាលគណបក្សខេត្ត។

ថ្លែងក្នុងអង្គពិធីនោះដែរ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍លើកឡើងអំពីគោលការណ៍ តួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ អង្គការចាត់តាំង និងរបៀបរបបធ្វើការងាររបស់គណៈកម្មាធិការគណបក្សមូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុក និងបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ដែលជាកត្តាសំខាន់បំផុតរបស់គណបក្ស ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្ស ថែរក្សាសន្តិភាព ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងបង្កើតសមិទ្ធិផលធំៗ ថ្មីបន្ថែមទៀតក្នុងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា។

លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានក្រើនរំលឹកដល់ប្រធានគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវតែប្រព្រឹត្តតែអំពើល្អ ចុះជួបជាមួយប្រជាពលរដ្ឋឱ្យញឹកញ៉ាប់ ត្រូវខិតខំកសាងសមាជិកគណបក្ស ស្របតាមគោលការណ៍ រក្សាចាស់ បង្កើតថ្មី ព្រមទាំងមានបើកវគ្គបណ្តុះបណ្តាលអំពីគោលនយោបាយរបស់គណបក្សដល់យុវជនសមាជិកបក្សជាបន្តបន្ទាប់ ដើម្បីបង្កើនសមត្ថភាពយុវជនវ័យក្មេងរបស់កណបក្ស ជាសមាជិកពោពេញទៅដោយធនធាន សមត្ថភាព ហើយក៏ជាអ្នកបន្តវេណសម្រាប់គណបក្សប្រជាជនកម្ពុជាផងដែរ។

នាឱកាសនោះ ឯកឧត្តមប្រធានគណបក្សខេត្ត បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រធានគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស បានគ្រប់គ្រងនូវស្ថានភាពនៃវិបត្តិកូវីដ-១៩ បានយ៉ាងល្អប្រសើរ ជាពិសេស អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអនុវត្តកម្មវិធីឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនៃគ្រួសារក្រីក្រ។