សៀមរាប: សិក្ខាកាមនៃសិក្ខាសាលាស្តីពីកម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ បានបន្តចុះកម្មសិក្សានៅកន្លែងមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដូចជាប្រាសាទទន្លេស្ងួត ទ្វារទឹកលាងដៃ ការទស្សនាការដាំដុះរបស់ពលរដ្ឋនៅឃុំលាងដៃ ការផលិតជីកំប៉ុស និងទស្សនកិច្ចទៅកាន់តំបន់រុនតាឯក។ ក្រៅពីចុះទស្សនកិច្ចនេះ តំណាងយុវជនកម្ពុជា ឡាវ និងវៀតណាម ក៏បានធ្វើបទបង្ហាញពីការងារគ្រប់គ្រងតំបន់បេតិកភណ្ឌរបស់ពួកគេផងដែរ។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានសិក្ខាសាលាខាងលើនេះដោយប្រើប្រាស់មូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង ដើម្បីចែករំលែកបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តអំពីកិច្ចការអភិរក្ស ការគ្រប់គ្រង ការអភិវឌ្ឍប្រកបដោយចីរភាព ដូចជានៅរមណីយដ្ឋានអង្គរ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងរមណីយដ្ឋានប្រាសាទកោះកេរ។ អ្នកជំនាញពីតំបន់បេតិកភណ្ឌពិភពលោកពីប្រទេសឡាវ និងវៀតណាម ក៏បានចូលរួមចែករំលែកពីកិច្ចការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍របស់ពួកគេផងដែរ។ សិក្ខាសាលានេះ មានរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥៕