ប្រធានក្រុមការងារចុះមូលដ្ឋានឃុំម្សាក្រងណែនាំលោកនាយកសាលាត្រូវអភិវឌ្ឍន៍សាលា អមដោយរុក្ខជាតិពណ៌បៃតង

0

(កំពង់ធំ)÷ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំ និងជាប្រធានក្រុមការងារចូលមូលដ្ឋានឃុំម្សាក្រង ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនិងលោកជំទាវ ទូច ម៉ាលិស ព្រមទាំងសហការី និងអភិបាលស្រុកស្ទោង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីនិងសំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅសាលាបឋមសិក្សាសំប៉ានស្ថិតនៅក្នុងភូមិសុំប៉ាន ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ១៦ខែកុម្ភៈឆ្នាំ ២០២៥។

ឱកាសនោះដែរលោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកក្នុងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលឯកឧត្តមតែងតែនឹករលឹកនិងគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ សុខុមាលភាព ម៉ែបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្ទោងនិងបានចូលរួមអភិវឌ្ឍន៍ស្រុកស្ទោងនូវប្រព័ន្ធធារាសាស្រ្តនិងហេដ្ឋារចនាសម្ព័ន្ធ គ្រប់វិស័យ។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម បានអបអរសាទរជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដែលមានឱកាសពេញលេញក្នុងការសិក្សារៀនសូត្រក្រោមម្លប់សន្តិភាពដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភា តស៊ូរំដោះជនជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលរក្សាបាននៅសុខសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន និងបានអំពាវឱ្យចូលរួមថែរក្សាសុខសន្តិភាពនេះឲ្យបានជានិរន្តរ្តិ៍ទោះក្នុងតម្លៃណាក៏ដោយ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំដល់លោកនាយក លោកគ្រូ អ្នកគ្រូ និងគណៈកម្មការទ្រទ្រង់សាលា ត្រូវប្រើប្រាស់ថវិកាដែលបានមកពីការធ្វើបុណ្យផ្កាប្រាក់សាមគ្គីនៅក្នុងពេលនេះដោយតម្លាភាព ចំគោលដៅនិងមានប្រសិទ្ធភាព តាមផែនការកម្មភាពនិងចក្ខុវិស័យ បីសាលារៀនមានការអភិវឌ្ឍន៍លឿនហើយទទួលបាននូវការជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធនិងសហគមន៍ទាំងមូល។

ជាមួយនេះផងដែលលោកគ្រូ អ្នកគ្រូនិងគណៈកម្មការ សាលាបឋមសិក្សាសុំប៉ាន និងសាលាបឋមសិក្សាស្ពឺបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ថោជេដ្ឋា និងក្រុមការងារចុះមូលដ្ឋានម្សាក្រង ដែល មានវត្តមាននៅពេលនេះនឹងបានចូលរួមថវិកាសម្រាប់អភិវឌ្ឍន៍សាលារៀនឱ្យមានការរីកចំរើនជាលំដាប់។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះក្រុមការងារបាននាំយកថវិកាឯកឧត្តម ថោ ជេដ្ឋា ចំនួន៣២ ,៣៤០ ,០០០ រៀល និងថវិកាសប្បុរសជនជាង១៤លានរៀល ដែលក្នុងនោះសម្រាប់បឋមសិក្សាសំប៉ាន ទទួលបាន ជាង៣៦លានរៀល និង ១២លានរៀល សម្រាប់សាលាបឋមសិក្សាស្ពឺ នៃឃុំម្សាក្រង និងបានប្រគេនបច្ច័យ វត្ត ស្ពឺជើង និងវត្តស្ពឺត្បូងក្នុង១វត្ត ១,១០០,០០០រៀល ហើយបានចែកទានដល់តា យាយ នៅក្នុងកម្មវិធីបុណ្យនេះចំនួន៤០អ្នក ដែលម្នាក់ៗទទួលបាននូវសារុងមួយថវិកា២ម៉ឺនរៀលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ថោ ជេដ្ឋា៕