ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះនៅស្រុកគូលែន ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ អនុប្រធានក្រុមការងារខេត្ត ចុះមូលដ្ឋានស្រុកគូលែនត្បូង លោកស្រី ហែម សុគុណពិសី និងលោក ម៉ក់ ឌុង អនុប្រធានអនុសាខាកាកបាទក្រហមស្រុកគូលែន នៅថ្ងៃទី១៦កុម្ភៈ២០២៥ បានដឹកនាំក្រុមការងារថ្នាក់មូលដ្ឋានស្រុក ឃុំ ភូមិ នាំយកអំណោយកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ផ្តល់ជូនស្ត្រីវ័យ ៦៩ឆ្នាំម្នាក់ ដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះស្ទើរអស់ទាំងស្រុង កាលពីពេលកន្លងទៅថ្មីៗនេះ។

អនុប្រធានក្រុមការងារខេត្ត ចុះមូលដ្ឋានស្រុកគូលែនត្បូង លោកស្រី ហែម សុគុណពិសី បានថ្លែង ពាំនាំប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ លោក គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច។ លោកស្រីថា ទីណាមានការទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជានិច្ច ដោយមិនប្រកាន់ ឬ រើសអើងនិន្ទាការនយោបាយអ្វីនោះឡើយ។

លោកស្រី ហែម សុគុណពិសី បានបញ្ជាក់ថា ស្ត្រីរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ឈ្មោះ ឆាំ ធាវ អាយុ ៦៩ឆ្នាំ រស់នៅភូមិស្រែពោធិ៍ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។ ហើយស្ត្រីរងគ្រោះត្រូវទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហកម្ពុជាខេត្ត នាពេលនោះ រួមមាន៖ អង្ករ ៥០ គីឡូក្រាម ,មី ១ កេស ,ត្រីខកំប៉ុង ១ យួរ ,ទឹកស៊ីអ៊ីវ ១ យួរ ,តង់ ១ ,មុង ១ ក្រម៉ា ១ ,ភួយ ១ និងសារ៉ុង ១។

នៅក្នុងឱកាសនោះ លោកស្រី ហែម សុគុណពិសី ក៏បានឧត្ថម្ភសម្ភារៈបន្ថែម មានដូចជា ៖ ភួយ ២,​ អាវយឺត ១,​ ត្រីខកំប៉ុង ១ឡូ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, អំបិល ១គីឡូក្រាម, ទឹកបរិសុទ្ធ ១កេស, កាបូប ១ ,សម្ភារសិក្សា និងថវិកាសប្បុរសជនដែលបានចូលរួមចំនួន ៨២ម៉ឺនរៀលទៀត ផងដែរ៕ដោយ៖ឡុង សំបូរ