កិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន ដើម្បីពិភាក្សាលើបញ្ហាគ្រឿងញៀន

0

ខេត្តកែប៖ លោកស្រី គឹម ចន្នី អភិបាលរងខេត្តកែប និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន ដើម្បីពិភាក្សា លើបញ្ហាគ្រឿងញៀន កែសម្រួល និងបំពេញនូវសមាជិកនៃគណៈកម្មាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក លោកឧត្ដមសេនីយ៍ វរសេនីយ៍ តំណាងកងកម្លាំងទាំងបី លោក លោកស្រី អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក ព្រមទាំងលោក មេឃុំ សង្កាត់ផងដែរ។

លោកស្រី គឹម ចន្នី បានលើកឡើងថា៖ បញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមមួយក្នុងសង្គម និងជារឿងចាំបាច់ត្រូវតែយកចិត្តទុកដាក់ក្នុងការដោះស្រាយ បញ្ហាគ្រឿងញៀនអាចលុបបំបាត់ និងទប់ស្កាត់បាន លុះត្រាតែមានការចូលរួមគាំទ្រពីសំណាក់អាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ រួមជាមួយនេះ មិនត្រូវឃុបឃិតនឹងបទល្មើសជួញដូ ឬប្រើប្រាស់គ្រឿងញៀនជាដាច់ខាត។

លោកស្រី ក៏បានណែនាំដល់អាជ្ញាធរ សមត្ថកិច្ចក្នុងមូលដ្ឋាន ដែលពាក់ព័ន្ធទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដោយបង្កើនស្មារតី ប្រយុទ្ធប្រឆាំងបទល្មើសជួញដូគ្រឿងញៀន និងខិតខំអនុវត្ត ទប់ស្កាត់ ករណីប្រើប្រាស់គ្រឿងញៀន និងបង្កើនការផ្សព្វផ្សាយ ឲ្យបានដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ អោយបានទូលំទូលាយ ជាពិសេសនៅតាមសាលារៀន ទីសាធារណៈ វត្តអារាម ស្ថាប័នរដ្ឋ វិស័យឯកជន និងទីប្រជុំជនជាដើម៕ សេង ណារិទ្ធ